ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង៦ពាន់នាក់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតសាជាថ្មី នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកណ្តាលនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដោយសារតែបច្ចុប្បន្ន សម្តេចបានប្តូរថ្ងៃខែឆ្នាំកំណើតថ្មីពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ។
កាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិមុនៗ សម្តេចបានកំណត់ថ្ងៃខែឆ្នាំកំណើតថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ក្នុងបញ្ចីបោះឆ្នោត ខណៈសម្តេចបច្ចុប្បន្នប្រើថ្ងៃខែកំណើតពិតប្រាកដ ពោលថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។
ជាមួយគ្នានេះ សម្តេចតេជោក៏បានអំពាវនាវឱ្យពលរដ្ឋដែលមិនទាន់ទៅចុះឈ្មោះ រួសរាន់ទៅចុះឈ្មោះដើម្បីត្រៀមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
គូសបញ្ជាក់ថា គ.ជ.ប បានកំណត់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ទុកពេលឱ្យពលរដ្ឋទៅត្រួតពិនិត្យបញ្ជីឈ្មោះ និងចូលរូមចុះឈ្មោះបោះឆ្នោត។
សម្តេចថ្លែងថា៖ «បើយើងមិនទៅចុះឈ្មោះបោះឆ្នោតឡើងវិញ គឺវាខុស រឿងហ្នឹងគឺយើងបាត់សិទ្ធិបោះឆ្នោត ហើយពេលហ្នឹងក៏ពិបាក។ អ៊ីចឹងសូមប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ហើយសូមយុវជនដែលដល់អាយុបោះឆ្នោតត្រូវទៅចុះឈ្មោះបោះឆ្នោត»។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕