BREAKING NEWS: នាយករដ្ឋមន្ត្រីប្រកាសកម្ចាត់ចោលមនោគមនិយមវិជ្ជារបស់ពូជក្បត់ជាតិ ៣ជំនាន់ ត្រកូល «សម»
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសកំចាត់ចោលមនោគមវិជ្ជានយោបាយជ្រុលនិយមរបស់ សម រង្ស៊ី ដែលសម្ដេចថា ជានយោបាយរបស់ពូជក្បត់ជាតិ ៣ជំនាន់។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ព្រឹកថ្ងៃទី១៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅលោក សម រង្ស៊ី ដែលបានធ្វើសេចក្ដីអំពាវនាវដល់ប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធធ្វើការផ្លាស់ប្ដូរនៅកម្ពុជានៅឆ្នាំ២០២៣ ដោយថាជាចេតនាទុច្ចរិតមានបំណងបំផ្លាញសន្ដិភាព ស្ថិរភាព និងការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ស្របពេលដែលឆ្នាំក្រោយជាខួប២០ឆ្នាំដែល សម រង្ស៊ី ប្រកាសថា មានស៊ីអត់សែន មានសែន អត់ស៊ីទៀតផងនោះ សម្ដេចតេជោ បានប្រកាសកំចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ត្រកូល សម ចោលតែម្ដង។
សម្ដេចតេជោថា៖ «ខ្ញុំនឹងប្ដូរផ្ដាច់កំចាត់ចោលមនោគមន៍វិជ្ជានយោបាយជ្រុលនិយម នៃត្រកូលក្បត់ជាតិបីជំនាន់។ អ្នកឯងមកនិយាយអំពីត្រកូលហ៊ុនបាន ត្រកូលហ៊ុន និងត្រកូលសម អត់ដូចគ្នាទេ! ត្រកូលហ៊ុន មិនដែលចេះក្បត់ទេ! ត្រកូលហ៊ុនបានរួមចំណែកធ្វើឲ្យប្រទេសនេះរីកចម្រើន។ ត្រកូល សម ទេដែលក្បត់តាំងពីជីតា រហូតដល់ឪពុក រហូតដល់កូន»។
សម រង្ស៊ី កើតឆ្នាំ១៩៤៩ គឺជាកូនរបស់លោក សម សារី និងត្រូវជាចៅរបស់លោក សម ញាន។ ឪពុករបស់លោក សម រង្ស៊ី លោក សម សារី ត្រូវបានរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តម សីហនុ ចាត់ទុកជាមេក្បត់ជាតិដ៏ធំនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបែកធ្លាយផែនការបាងកក ដែលមាន សម សារី ជាភាគីដើម្បីធ្វើសកម្មភាពប្រឆាំងនយោបាយអព្យាក្រឹត្យរបស់កម្ពុជា និងគ្រោងផ្ដួលរំលំរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ នៅខែមករា ឆ្នាំ១៩៥៩ រដ្ឋាភិបាលរបស់សម្ដេចនរោត្តមសីហនុ បានចេញបញ្ជាតាមចាប់ខ្លួនលោក សម សារីត និងបក្សពួកមកផ្ដន្ទាទោសផងដែរ តែបានរត់គេចខ្លួនបាត់តាំងពីពេលនោះមក។
បើដូចជាការប្រកាសរបស់សម្ដេចតេជោ មនោគមនាទីវិជ្ជានយោបាយរបស់លោក សម រង្ស៊ី នឹងក្លាយទៅជាគោលដៅទី២ បន្ទាប់ពីការរំលាយរកមនោគមវិជ្ជាខ្មែរក្រហមដោយសម្ដេចតេជោ នៅអំឡុងទស្សវត្ស៩០៕
PHOTO: EAC NEWS