
រដ្ឋបាលរាជធានីភ្នំពេញ ចុះផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារបឹងកេងកង ក្រោយឆ្លងរាលដាលនៃជំងឺកូវីដ-១៩
ភ្នំពេញ: នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារបឹងកេងកង ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
រដ្ឋបាលរាជធានីភ្នំពេញបានបន្តថាករណីវិជ្ជមានកើតឡើងថ្មីក្នុងចំណោមបុគ្គលិក-កម្មករ និង អាជីវករ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល១៤ថ្ងៃ គិត ចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឲ្យ អ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរ មូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគនិងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ឃួង ស្រេង បានបញ្ចាក់បន្ថែមថាសន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងឡាយណា ដែលមិនព្រមសហការ ទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ ឬមិនអនុវត្តវិធានចត្តាឡីស័ក នឹងត្រូវប្រឈមមុខទៅនឹងការពិន័យអន្តរការណ៏ ក្នុងកម្រិតទឹកប្រាក់ចន្លោះពី មួយលានរៀល ដល់ ដប់លានរៀល៕