កណ្ដាល៖ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជន និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ និងព្យាយាមកែប្រែ និងបំពេញនូវភាពចន្លោះប្រហោងក្នុងការអនុវត្តការងារទាំងទ្បាយ ដើម្បីធានានូវការស្រលាញ់ពេញចិត្តពីប្រជាពលរដ្ឋម្ចាស់ស្រុក «គណបក្សប្រជាជនកម្ពុជា តែងបានដុសខាត់ខ្លួនជាប់ជាប្រចាំ»។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនទាំងពីមុន និងទៅថ្ងៃខាងមុខនៅតែបន្តប្រកាន់នូវការអនុវត្តគោលនយោបាយប្រកបដោយធម៌ តាមរយៈការផ្តល់សិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាង ដើម្បីពង្រឹងកម្លាំងសាមគ្គីជាតិខ្មែរឱ្យកាន់តែមានភាពរឹងមាំ ខ្លាំងក្លា ស្អិតរមួត និងសិ្ថតស្ថេរយូរអង្វែងតរៀងទៅ។
លោកក៏បានរម្លឹកពីគុណបំណាច់របស់ប្រធានគណបក្សគឺសម្ដេចតេជោ ហ៊ុន សែន ផងដែរថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បង ហើយតែងនៅបម្រើការពារក្នុងគ្រប់កាលៈទេសៈ ដោយមិនដែលមានពេលម្តងណាបានរត់ចោល និងបោះបង់ប្រជាពលរដ្ឋឡើយ។
លោកថា៖ «ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះ សម្តេចតេជោ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនទៅមុខ ជាពិសេសបន្តរួមគ្នាកលើកម្ពស់មោទនភាព និងកិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ទ្បើងល្បីល្បាញលើឆាកអន្តរជាតិ»។
គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅកម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន។
បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៤រូប គឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនា សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស។ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនមានចំនួន ៨៦៥នាក់៕