កណ្ដាល៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរម្លឹកពីការលះបង់របស់ព្រះបរមរតនកោដ្ឋចំពោះសាសនាក្នុងខួប ១០ឆ្នាំនៃការសោយទិវង្គតរបស់ព្រះអង្គ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល, ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធពិធីក្នុងទីអារាមដែលត្រូវបានកសាងក្នុងឆ្នាំ១៩៥៣ នេះគឺស្របពេលនៃការរំឭកខួបទី១០នៃការយាងចូលព្រះទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ហើយក៏ជាការរំឭកផងដែរអំពីសមិទ្ធផលដ៏ធំបំផុតមួយ ដែលព្រះអង្គសម្រេចបាន គឺការនាំឯករាជ្យជាតិមកជូនប្រជាពលរដ្ឋកម្ពុជា។
លោកបន្ថែមថា ក្នុងអំទ្បុងពេលនោះហើយ ដែលចាប់ផ្តើមមានការកសាង និងអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ ប៉ុន្តែជាអកុសលរដ្ឋប្រហារក្នុងឆ្នាំ១៩៧០ បានបង្កជាភ្លើងសង្គ្រាម និងបន្តរហូតមកដល់របបប៉ុលពត ដោយមានការកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងឃោរឃៅ ហើយរាល់សមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជាតិទាំងអស់ ត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសេសសល់។
លោកថា៖ «បរិការណ៍នេះ បានសបញ្ជាក់ថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានដឹកនាំប្រទេសប្រកបដោយអំពើបុណ្យកុសល ដោយបាននាំមកនូវសន្តិភាព និងភាពរុងរឿងជូនជាតិ និងប្រជាពលរដ្ឋ ហើយបើទោះបីជាព្រះអង្គសោយព្រះទិវង្គតទៅពិតមែន ក៏នៅតែបន្សល់ទុកនូវព្រះកិត្តិនាមដ៏ក្រអូបដក់ជាប់នៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប»។
ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់បានប្រសូត្រ នៅ ថ្ងៃ អង្គារ ទី ៣១ ខែ តុលា ឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងបានចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១និង២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន៕