វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

បទយកការណ៍៖ កត្តាចង់ប្រឡូកជំនាញថ្មីៗរុញឱ្យនារីខ្មែរសម្រេចបានការងារជាអ្នកបើកយន្តហោះ

ភ្នំពេញ៖ ភាពចង់ចេះដឹង និងចង់សាកល្បងជំនាញថ្មីៗបានទាក់ទាញចិត្តស្ត្រីខ្មែរមួយរូបឱ្យចូលរៀនជំនាញបើកបរយន្តហោះ ដោយឆ្លងកាត់វគ្គសិក្សាជាច្រើនប្រទេសរហូតក្លាយទៅជាអ្នកបើកយន្តហោះមួយរូបប្រចាំក្រុមហ៊ុនអាកាសចរមួយនៅកម្ពុជា។

មានសម្បុរស្រអែម និងមាឌតូចល្មម ជាមួយនិងសម្លៀកបំពាក់តឺនុយឈុតអ្នកបើកយន្តហោះផងនោះ ហុង ចិន្តា បច្ចុប្បន្នមានវ័យ ៣៣ឆ្នាំ បានបង្ហើបថាកញ្ញាមានតួនាទីជាអាកាសយានិកា (អ្នកបើកយន្តហោះ) នៅក្រុមហ៊ុនអាកាសចរ ឡានម៉ី អ៊ែរឡាញ។

ស្រ្តីជនជាតិខ្មែរដែលមានដើមកំណើតនៅរាជធានីភ្នំពេញរូបនេះ បានរៀបរាប់ថា ការដែលអាចសម្រេចបាននូវតួនាទីជាអ្នកបើកយន្តហោះនេះ មិនមែនជារឿងចៃនដ្យនោះទេ ពោលគឺជាការខិតខំ និងជំនះឧបសគ្គចំពោះមុខ រហូតអាចសម្រេចបានការងារនេះ។ ក្នុងនោះកញ្ញាបានឆ្លងកាត់ការសិក្សាលើជំនាញនេះសម្រាប់វគ្គ Ground School អស់រយៈពេល ៦ខែនៅប្រទេសវៀតណាម ហើយបន្ទាប់មកកញ្ញាបានបន្តទៅសិក្សានៅប្រទេសហ្វីលីពីនរយៈពេល ១៣ខែ និងនៅកូរ៉េរយៈពេល ១ខែ២០ថ្ងៃទៀត។

ទោះបីការសិក្សាលើជំនាញនេះមានឧបសគ្គច្រើនក្ដី ប៉ុន្តែដោយសារការស្រលាញ់ និងពេញចិត្ត ក៏ដូចជាចង់សាកនូវអ្វីដែលថ្មីផងនោះ បានជំរុញឱ្យកញ្ញា ហុង ចិន្តា អាចជម្នះ និងទទួលបានតួនាទីដែលកំពុងមានសព្វថ្ងៃនេះ។

កញ្ញាថា៖ «ជាធម្មតា យើងចូលចិត្តឆ្ងល់អញ្ចឹង! នៅខាងមុខវាមានអីដែលត្រូវមើលច្រើន។ ពេលដែលយើងចូល service captain អីអញ្ចឹងទៅ! យើងឆ្ងល់ ហេតុអ្វីបានគាត់ហោះ អារបៀបហោះគាត់យ៉ាងម៉េច ផ្លូវអីយ៉ាងម៉េច។ ពេលគាត់និយាយជាមួយ ATC យ៉ាងម៉េច។ ដល់់ពេលអញ្ចឹងយើងចេះតែចង់ដឹង ចង់អីទៅ»។

ស្ត្រីវ័យ ៣៣ឆ្នាំដដែលបានរម្លឹកពីអតីតកាលដែរថា កាលពីកុមារភាពនាងធ្លាប់គិតថាចង់ក្លាយជាអ្នកបុរាណវិទូម្នាក់ ដោយសារការចូលចិត្តលើមុខវិជ្ជាប្រវត្តិសាស្ត្រខ្មែរ ប៉ុន្តែក្រោយមកនៅពេលចូលវ័យមួយដែលចិត្តគំនិតមានការផ្លាស់ប្ដូរទើបធ្វើឱ្យនាងស្រលាញ់ខាងវិស័យអាកាសចរវិញ។ កញ្ញាបន្ថែមថា ក្រោយបានធ្វើជាបាហុនិកា អស់រយៈពេល៣ឆ្នាំ (គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦) នាងក៏បានចាប់អារម្មណ៍ និងចង់សាកលើជំនាញអាកាសយានិកានេះរហូតទទួលបានដូចបំណង។

ការសម្រេចបាននូវគោលបំណងរបស់នារីខ្មែរ ដែលអាចក្លាយជាអាកាសយានិកា (អ្នកបើកយន្តហោះ) បែបនេះ ក៏ដោយសារតែការចង់ទទួលបាននូវចំណេះដឹង ក៏ដូចជាសាកល្បងនូវអ្វីដែលថ្មីៗ។ យ៉ាងណាក្តី ភាពជោគជ័យក្នុងការងារនេះមិនមែនដោយសារតែកត្តាខ្លួនឯងមួយមុខនោះទេ ប៉ុន្តែការលើកទឹកចិត្ត និងយោបល់មួយចំនួន ពីក្រុមការងារក៏ជាកត្តាមួយដែលបានជំរុញឱ្យកញ្ញា ហុង ចិន្តា បានចុះឈ្មោះចូលប្រឡងដើម្បីបន្តការសិក្សាលើជំនាញមួយនេះផងដែរ។

កញ្ញាបន្តថា៖ «មានលោកពូ ជាអ្នកបើកយន្តហោះម្នាក់ គាត់បានប្រាប់ថាក្មួយចង់ដឹងអញ្ចឹង ក្មួយសាកទៅរៀនទៅ ព្រោះអីខាងក្រុមហ៊ុនហ្នឹង! គេមានការសហការគ្នាជាមួយវៀតណាមអីអញ្ចឹង! ចឹងសាកទៅប្រឡងទៅបើជាប់រៀនទៅ បើថាអត់ជាប់ទេមកធ្វើការវិញទៅ»។

ជាមួយគ្នា កញ្ញា ហុង ចិន្តា បានរម្លឹកដែរថា ដំណាក់កាលនៃការប្រឡងចូលធ្វើជាអាកាសយានិកានេះ ចែកចេញជា ២ដំណាក់កាល ក្នុងនោះដំណាក់ទី១ គឺការធ្វើតេស្តសមត្ថភាពលើផ្នែកភាសាអង់គ្លេស និងផ្នែកកាយសម្បទា និងសម្រាប់ដំណាក់កាលទី២ គឺការសម្ភាសន៍ផ្ទាល់។

អាកាសយានិកាវ័យ ៣៣ឆ្នាំរូបនេះ បានឱ្យដឹងបន្ថែមថា កញ្ញាចូលធ្វើជាអ្នកបើកយន្តហោះនេះបានរយៈពេល៣ឆ្នាំហើយ គិតចាប់ពីឆ្នាំ២០១៩មក។ ក្នុងនោះ កញ្ញាបានបើកបរអស់រយៈពេល ១០០០ម៉ោង ហើយនៅសល់តែ ៥០០ម៉ោងទៀតប៉ុណ្ណោះ កញ្ញានឹងទទួលបានតួនាទីជា អាកាសយានិកាជាន់ខ្ពស់ ដែលនេះគឺអាស្រ័យទៅតាមគោលការណ៍របស់ក្រុមហ៊ុននីមួយៗ។

ជាមួយគ្នា អាកាសយានិកាមួយរូបទៀត គឺកញ្ញា កែវ ទិត្យសុជាតា បានឱ្យដឹងថា សម្រាប់ប្រភេទយន្តហោះដែលអាចបើកបរបានគឺអាស្រ័យទៅតាមកម្រិតថ្នាក់សិក្សាផងដែរ។ ជាក់ស្តែងអាកាសយានិការូបនេះបញ្ជាក់ថា មកទល់ពេលនេះ កញ្ញាអាចបើកបរយន្តហោះបានតែមួយប្រភេទតែប៉ុណ្ណោះ ដោយមិនអាចបើកបរយន្តហោះខ្នាតផ្សេងបានឡើយ។

កញ្ញាថា៖ «ខ្ញុំចប់ហើយ (បញ្ចប់ថ្នាក់សិក្សា)! គេហៅថា CPLហ្នឹង! មានន័យថា យើងមានសិទ្ធិអាចដឹកភ្ញៀវបាន ប៉ុន្តែទៅលើនឹងខ្នាតយន្តហោះដែរ»។

អាកាសយានិកាវ័យ ២៧ឆ្នាំរូបនេះបានចែករំលែកថា ដើម្បីអាចសម្រេចនូវគោលបំណងក្នុងការក្លាយជាអ្នកបើកបរយន្តហោះ គឺត្រូវមានការអត់ធ្មត់ ការតស៊ូ និងការផ្ដោតអារម្មណ៍ទៅនឹងគោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់។

ត្រឡប់មក កញ្ញា ហុង ចិន្តា វិញក៏បានលើកឡើងស្រដៀងគ្នាដែរថា ក្នុងនាមជាសិស្សជំនាន់ទី១ កញ្ញាបានជួយផ្សព្វផ្សាយតាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ដើម្បីអាចផ្ដល់ជាគន្លឺះសម្រាប់ប្អូនៗជំនាន់ក្រោយ ដែលចាប់អារម្មណ៍លើជំនាញនេះបានយល់ដឹង និងជាភាពងាយស្រួលសម្រាប់ពួកគាត់ក្នុងការស្វែងរកកន្លែងសិក្សាផងដែរ។

ប៉ុន្តែយ៉ាងណា អាកាសយានិកាដែលមានបទពិសោធន៍ ៣ឆ្នាំរូបនេះ បានឱ្យដឹងថា ក្នុងនាមជាអ្នកបើកយន្តហោះមួយរូប កញ្ញាត្រូវមានទំនួលខុសត្រូវច្រើន ដែលខុសពីកាលនៅរៀនដែលនាងគ្រាន់តែបើកយន្តហោះធុនតូចតែប៉ុណ្ណោះ។ ក្នុងនោះកញ្ញាថាផលលំបាកចម្បងដែលជួបប្រទះក្នុងពេលបើកយន្តហោះ គឺបញ្ហាអាកាសធាតុ ក៏ដូចជាការត្រួតពិនិត្យបច្ចេកទេសយន្តហោះ ដែលតម្រូវឱ្យដោះស្រាយ និងសម្រេចចិត្តភ្លាមៗ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក