ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម

ភ្នំពេញ៖ លោក ឌិត ទីណា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីលោកត្រូវបានសមាជិកសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម ក្នុងសំឡេង ១១១ លើ ១១១ កាលពីព្រឹកមិញនេះ។

ព្រះរាជក្រឹត្យ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ព្រះករុណា ព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់ តែងតាំងមុខតំណែង លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយព្រះអង្គមានរាជបញ្ជាឱ្យនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន ទទួលបន្ទុកអនុវត្តតាមចាប់ពីថ្ងៃឡាយព្រះហត្ថលេខានេះទៅ។

គួរឱ្យដឹងថា កាលពីព្រឹកមិញនេះ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ រដ្ឋសភាបានដំណើរការនីតិវិធីរបស់ខ្លួនក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ដែលមានការប្រកាសបើកពីប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន និងការឡើងថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

ក្នុងនោះ ការបោះឆ្នោតបានធ្វើឡើងដោយការបោះឆ្នោតសម្ងាត់ក្នុងចំណោមសមាជិកទាំងអស់ ១១១រូប ដោយក្នុងសន្លឹកឆ្នោតនោះមានគាំទ្រ បដិសេធ និងអនុប្បវាទ។ ជាលទ្ធផលសំឡេងគាំទ្រពីសភាលើលោក ឌិត ទីណា មានចំនួន ១១១ បដិសេធ ០ និងអនុប្បវាទ ០។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានស្នើលិខិត ទៅកាន់ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន អនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការស្នើសុំនេះគឺបន្ទាប់ពី សម្ដេចតេជោ បានទូលថ្វាយព្រះមហាក្សត្រដើម្បីបញ្ចប់តំណែងអតីតរដ្ឋមន្ត្រី វេង សាខុន ចេញពីតួនាទី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក