អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

សម្តេចតេជោចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពដែលបានស្លាប់ក្នុងហេតុការណ៍លិចទូកនៅស្រុកលើកដែក

កណ្តាល៖ ខណៈព្រឹកនេះនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចូលរួមប្រជុំសភា បោះឆ្នោតជ្រើសតាំង ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម សម្តេចក៏បានផ្ញើសាររំលែកទុក្ខដល់គ្រួសារនៃសពរបស់ជនរងគ្រោះក្នុងហេតុការណ៍លិចទូកស្លាប់នៅ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលកាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

សម្តេចបានថ្លែងទាំងមានក្តីសោកស្តាយដូច្នេះថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ»

នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសព និងជនរងគ្រោះឱ្យបានទាន់ពេលវេលាដ៏លំបាកបំផុតនេះ។

សម្តេចតេជោបានបន្តប្រាប់ពលរដ្ឋដូច្នេះថា៖«សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង»។

គិតត្រឹមម៉ោង៩ព្រឹកនេះ អាជ្ញាធរបានបន្តរកឃើញសាកសពសិស្សសាលាចំនួន២នាក់បន្ថែមទៀត ពោលកើនឡើងអ្នកស្លាប់ចំនួន ៨នាក់ហើយ ក្នុងហេតុការណ៍លិចទូកដនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលកាលពីយប់ថ្ងៃទី១៣ ខែតុលា។ ក្នុងចំណោមនោះមានសិស្សចំនួន៤នាក់ត្រូវបានជួយសង្រ្គោះ ហើយបញ្ជូនទៅមន្ទីរពេទ្យ ហើយបច្ចុប្បន្នអាជ្ញាធរបន្តរកអ្នកបាត់ខ្លួនចំនួន ៣នាក់បន្ថែមទៀត។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអះអាងថា មូលហេតុដែលធ្វើកើតមានករណីនេះ គឺបណ្តាលមកពីម្ចាស់បើកទូកដបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ដាក់មនុស្សលើសចំណុះ និងគ្មានអាវពោងសម្រាប់ការពារ និងជួយសង្រ្គោះឡើយ។

ជនរងគ្រោះទាំងនោះភាគច្រើនជាសិស្សសាលាដែលមានអាយុចាប់ពី១២ឆ្នាំ ទៅ ១៤ឆ្នាំ។ ជនរងគ្រោះដែលបានស្លាប់ទាំង៨នាក់នោះមានឈ្មោះថា ឧត្ដម មុន្នី , ឈ្មោះ សុន សុផាត, ឈ្មោះ ផាត ទីណា, ឈ្មោះ ភារម្យ ដាវីន, ឈ្មោះ ភ័ក្រ ភានុន, ឈ្មោះ ចិន្ដា ជូលី, ឈ្មោះ ផាត សុខហេង និងឈ្មោះ ចាន់ សុខជីម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦កន្លះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ខណៈពេលដែលសិស្សសាលាសរុបចំនួន ១៥នាក់បានចេញពីរៀនភាសាអង់គ្លេស ដោយជិះទូកដទទឹងត្រឡប់ទៅផ្ទះវិញ។

បើតាមលោក ឈឿន សុចិត្រ បច្ចុប្បន្នអាជ្ញាធរកំពុងតែស្វះស្វែងរកអ្នកបាត់ខ្លួនចំនួន៣នាក់ជាបន្តទៀត គឺឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស, ឈ្មោះ សុវត្ថិ លក្ខិណា ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស និងឈ្មោះ រី ស្រីលីន អាយុ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស។

នៅព្រឹកនេះ លោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅដល់កន្លែងហេតុការណ៍ផ្ទាល់ ដោយបានដឹកនាំកងកម្លាំងជាច្រើននាក់ដើម្បីរុករកជនរងគ្រោះដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកដទទឹង។

ឧប្បតិ្តហេតុលិចទូកកាលពីល្ងាចម្សិលមិញនេះជារឿងដ៏សោកសៅ និងអាណិតអាសូរបំផុតដល់សិស្សដែលរស់នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល ស្របពេលដែលចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក