សូម៉ាលី៖ បុរសចំនួន ២១នាក់ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត Puntland ស្ថិតនៅក្នុងប្រទេសសូម៉ាលី បន្ទាប់ពីពួកគេទាំងនោះត្រូវបានចោទប្រកាន់ថាជាសមាជិកនៃជនសកម្មប្រយុទ្ធអ៉ីស្លាម Al Shabab។
បុរសទាំង ២១នាក់នោះត្រូវបានតុលាការយោធានៃតំបន់ Galyako កាត់ឱ្យទទួលទោសប្រហារជីវិត ហើយត្រូវបានបាញ់សម្លាប់ដោយកាំភ្លើងពីក្រុមប្រដាប់អាវុធក្នុងតំបន់តែម្តង។
ស្ថានីយ៍វិទ្យុនៃរដ្ឋ Puntland នេះបានធ្វើការផ្សាយព័ត៌មានបន្ថែមថា ក្នុងចំណោមមនុស្សទាំង ២១នាក់នេះ មានមនុស្សចំនួន ១៨នាក់ត្រូវបានគេដឹងថាជាអ្នកនៅពីក្រោយសកម្មភាពការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើន ក្នុងរយៈពេលជាងមួយទសវត្សមកនេះ។ តាមពិតទៅ នេះមិនមែនជាលើកដំបូងទេដែលតុលាការនេះបានសម្រេចធ្វើការកាត់ទោសប្រហារជីវិតទៅលើជនល្មើសទាំងនោះ គ្រាន់តែលើកនេះចំនួនអ្នកដែលត្រូវបានប្រហារជីវិតជាសមាជិកក្រុមសកម្មប្រយុទ្ធ Al Shabab មានចំនួនច្រើនខ្លាំងលើសពីពេលមុនណាៗទាំងអស់ នៃសវនាការរបស់តុលាការយោធារដ្ឋ Puntland នេះ។
ក្រុម Al Shabab ជាអ្នកកាន់កាប់អំណាចច្រើនលើសលុបនៃភាគខាងត្បូង និងភាគកណ្តាលនៃប្រទេស ខណៈការស្រាវជ្រាវមួយដែលចេញផ្សាយដោយវិទ្យាស្ថាន Hiraal បានចុះផ្សាយថា ក្រុមសកម្មប្រយុទ្ធនេះរកបានចំនួនទឹកប្រាក់ច្រើនជាងរដ្ឋាភិបាលនៃប្រទេសសូម៉ាលីទៅទៀត។
គួរឱ្យដឹងដែរថា ក្រោយពីមានការកាត់ទោសប្រហារជីវិតទៅលើក្រុមសកម្មប្រយុទ្ធ Al Shabab នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមសកម្មប្រយុទ្ធអ៉ីស្លាមខាងលើ បានផ្ទុះកំហឹង និងវាយប្រហារនៅក្នុងទីក្រុងមួយឈ្មោះថា Wisil ហើយមានសេចក្តីរាយការណ៍ថា មានយោធាសូម៉ាលីប្រមាណជា ២០នាក់បានស្លាប់ក្នុងហេតុការណ៍វាយប្រហារនេះ៕