ភ្នំពេញ៖ លោក ឌិត ទីណា ត្រូវបានសមាជិកសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម ក្នុងសំឡេង ១១១ លើ ១១១។
ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ព្រឹកថ្ងៃទី១៤ ខែតុលានេះ រដ្ឋសភាបានដំណើរការនីតិវិធីរបស់ខ្លួនក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ដែលមានការប្រកាសបើកពីប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន និងការឡើងថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផងដែរ។
ការបោះឆ្នោតធ្វើឡើងដោយការបោះឆ្នោតសម្ងាត់ក្នុងចំណោមសមាជិកទាំងអស់ ១១១រូប ដោយក្នុងសន្លឹតឆ្នោតនោះមានគាំទ្រ បដិសេធ និងអនុប្បវាទ។
ជាលទ្ធផលសំឡេងគាំទ្រពីសភាលើលោក ឌិត ទីណា មានចំនួន ១១១ បដិសេធ ០ និងអនុប្បវាទ ០។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានស្នើលិខិត ទៅកាន់ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន អនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការស្នើសុំនេះគឺបន្ទាប់ពី សម្ដេចតេជោ បានទូលថ្វាយព្រះមហាក្សត្រដើម្បីបញ្ចប់តំណែងអតីតរដ្ឋមន្ត្រី វេង សាខុន ចេញពីតួនាទី។
គួរបញ្ជាក់ថា លោក ឌិត ទីណា គឺជាកូនប្រុសរបស់ប្រធានតុលាការកំពូលលោក ឌិត មន្ទីរ បច្ចុប្បន្នលោកគឺជារដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល៕
PHOTO: KOK KY