រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលសេវាពិនិត្យភ្នែករៀងរាល់២ឆ្នាំម្ដង

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យភ្នែក នៅតាមអាគារផ្ដល់សេវាចក្ខុរោគនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយត្រូវធ្វើការពិនិត្យយ៉ាងហោចណាស់ឱ្យបានរៀងរាល់ ២ឆ្នាំម្ដង។

សេចក្ដីជូនព័ត៌មាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ដីពីទិវាសុខភាពភ្នែកពិភពលោក ក្រសួងសុខាភិបាល ឱ្យដឹងថា ក្រសួងបានបង្កើតផែនការយុទ្ធសាស្រ្តជាតិទី៣ សម្រាប់ការបង្ការ និងត្រួតពិនិត្យភាពពិការភ្នែកឆ្នាំ២០២១-២០៣០ ក្នុងគោលដៅ «ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែកឱ្យនៅត្រឹម ០.៣៥% នៅឆ្នាំ២០៣០។

ក្នុងនោះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវទៅពិនិត្យភ្នែក នៅតាមអាគារផ្ដល់សេវាចក្ខុរោគ ទូទាំងរាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ក្រសួងថា យ៉ាងហោចណាស់ ប្រជាពលរដ្ឋត្រូវធ្វើការពិនិត្យភ្នែករបស់ខ្លួន ឱ្យបានរៀងរាល់ ២ឆ្នាំម្ដង។

ជាមួយគ្នានោះ ក្រសួងឱ្យដឹងបន្ថែមថា សម្រាប់អ្នកមានអាយុចាប់ពី៤០ឆ្នាំ ឡើងទៅ មានប្រវត្តិគ្រួសារនៃជំងឺទឹកដក់ក្នុងភ្នែក (សម្ពាធភ្នែកឡើងខ្ពស់ ឫមានផលវិបាកប៉ះពាល់ដល់គំហើញ) មានជំងឺទឹកនោមផ្អែម ឫលើសឈាម មានប្រវត្តិនៃការជក់បារីយូររុាំរ៉ៃ និងពាក់វ៉ែនតារួចហើយ កម្រិតអំណាចភ្នែករបស់អ្នកខ្ពស់ (ភ្នែកម្ញូបខ្ពស់) គឺតម្រូវឱ្យទៅរកគ្រូពេទ្យពិនិត្យភ្នែកជារៀងរាល់ឆ្នាំ។

គួរឱ្យដឹងថា ទិវាសុខភាពភ្នែកពិភពលោក (World Sight Day) ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងសប្ដាហ៍ទី២ នៃខែតុលា។ ក្នុងឆ្នាំនេះ វាត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រោមប្រធានបទ «ស្រលាញ់ភ្នែករបស់អ្នក»។

គួរបញ្ជាក់ថា គោលបំណងក្នុងការប្រារព្ធពិធីនេះឡើងដើម្បី ផ្ដោតការយកចិត្តទុកដាក់របស់ពិភពលោកទៅលើសុខភាពភ្នែកថាជាបញ្ហាសកល ការលើកកម្ពស់ការយល់ដឹងអំពីសុខភាពភ្នែក ក្នុងចំណោមប្រជាពលរដ្ឋគ្រប់រូប ក្រុមគ្រួសារ និងសហគមន៍ ដែលវាមានសារៈសំខាន់ដល់អ្នកធ្វើសេចក្ដីសម្រេចចិត្តក្នុងការផ្ដល់អាទិភាពដល់គំនិតផ្ដួចផ្ដើមសុខភាពភ្នែក ក៏ដូចជាជួយផ្សព្វផ្សាយការផ្ដល់សេវាសុខភាពភ្នែកសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ទីកន្លែង។

យ៉ាងណាមិញ ក្រសួងឱ្យដឹងបន្ថែមថា អត្រាពិការភ្នែកមានការថយចុះ ដោយនៅឆ្នាំ១៩៩៥ ១.២% មកត្រឹម ០.៣៧% នៅឆ្នាំ២០១៩។

មួយវិញទៀត ក្រសួងបានឱ្យដឹងថា សមិទ្ធផលដែលបានសម្រេចក្នុងរយៈពេល ២៧ឆ្នាំនេះ រួមមានវិស័យធនធានមនុស្ស ដោយមានអ្នកឯកទេសជាន់ខ្ពស់ចក្ខុសាស្រ្តចំនួន ៦០នាក់ ចក្ខុបណ្ឌិត ១០៣នាក់ ចក្ខុគិលានុប្បដ្ឋាក ១៥៨នាក់ ចក្ខុមាត្រការីចំនួន ១០៥នាក់ ក៏ដូចជាការបណ្ដុះបណ្ដាលសុខភាពភ្នែកបឋមដល់មន្ត្រីនៅថ្នាក់មណ្ឌលសុខភាព ការបង្កើតវគ្គសិក្សារយៈពេលជាដើម។

ក្រៅពីនេះ គឺវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយនៅក្នុងរាជធានីភ្នំពេញមានមន្ទីរពេទ្យចំនួន៤ កំពុងផ្ដល់សេវាចក្ខុរោគ និងមន្ទីរឯកទេសភ្នែកជាន់ខ្ពស់នៅមន្ទីរពេទ្យថ្នាក់ជាតិ។ រីឯ នៅតាមបណ្ដាខេត្តមានអគារចក្ខុរោគចំនួន២២ និងមណ្ឌលថែទាំត្រូវបានដាក់ឱ្យដំណើរការចំនួន ១៨កន្លែង។

ជាចុងក្រោយគឺ ការការពារ ការស្រាវជ្រាវ ការស្វែងរកការគាំទ្រ និងភាពជាអ្នកដឹកនាំ ដែលក្រសួងបានធ្វើផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្រជាតិដើម្បីទប់ស្កាត់ និងគ្រប់គ្រងភាពពិការភ្នែក ការដាក់បញ្ចូលសូចនាករសុខភាពភ្នែកក្នុងផែនការយុទ្ធសាស្រ្តសុខាភិបាលនៃក្រសួងសុខាភិបាល ដោយសុខភាពភ្នែកត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីរបស់ក្រសួងអបរំ យុវជន និងកីឡា និងក្រសួងកិច្ចការនារី ការបញ្ជ្រាបចូលពិការភាពក្នុងផែនការយុទ្ធសាស្ត្រជាតិស្ដីពីភាពពិការភ្នែក។ល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក