ភ្នំពេញ៖ ប្រជាពលរដ្ឋ ១៥០គ្រួសារដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញទទួលបានអំណោយមនុស្សធម៌មួយចំនួនពីកាកបាទក្រហមកម្ពុជាដែលមានដូចជាអង្ករ គ្រឿងបរិភោគផ្សេងៗ និងសម្ភារប្រើប្រាស់មួយចំនួនដែរ។
តំណាងប្រធានកាកបាទក្រហម អគ្គលេខាធិការរងទី១ លោកស្រី ម៉ែន នារីសោភ័គ និងសហការី រួមជាមួយក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ១៥០គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកស្ទឹងព្រែកត្នោត រស់នៅសង្កាត់ចំនួន៦ លេី១២សង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ហេីយដែលពិធីនេះរៀបចំឡើងនៅទីទួលសុវត្ថិភាព ក្នុងបរិវេណវត្តរតនៈតេជៈកំពង់ក្តុល។
ក្នុងនោះអំណោយមនុស្សធម៌ដែលប្រជាពលរដ្ឋរងគ្រោះទទួលបានមានដូចជា អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (សារុង មុង ភួយ ក្រមា និងអាវយឺត) ១កញ្ចប់, សាប៊ូ ១ដប, ជែលលាងដៃចំនួន ១ដប និងថវិកា ២ម៉ឺនរៀល។
ជាមួយគ្នានោះ អគ្គលេខាធិការរងទី១ លោកស្រី ម៉ែន នារីសោភ័គ ក៏បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានមកដល់ទីនេះជាថ្មីម្តងទៀត បន្ទាប់ពីប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែកត្នោតធ្លាប់បានទទួលរងគ្រោះដោយទឹកជំនន់រហ័សកាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ ដែលកាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់។
លោកស្រីមានប្រសាសន៍ថា៖ «ទោះបីជាថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានអញ្ជើញដោយផ្ទាល់ក៏ដោយ ក៏សម្តេច តែងតែមានក្តីនឹករលឹកចំពោះបងប្អូនទាំងអស់នៅគ្រប់ទីកន្លែង ជាពិសេសនៅពេលដែលមានគ្រោះទឹកជំនន់កើតឡើងក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ក្តីអាណិតអាសូរ និងចាត់ឱ្យមន្ត្រីក្រោមឱវាទចុះបំពេញភារកិច្ចភ្លាមៗ ហើយនាំយកអំណោយជួយសម្រាលការលំបាកខាងផ្នែកជីវភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ»។
ទន្ទឹមនឹងនោះលោកស្រីក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់ប្រជាពលរដ្ឋផងដែរ។ ក្នុងនោះ ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះការលង់ទឹកជាយថាហេតុ ជាពិសេសចំពោះក្មេងតូចៗ និងមនុស្សចាស់ ហើយត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិស ដែលអាចបង្កគ្រោះថ្នាក់។
មួយវិញទៀត ត្រូវគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ទឹកស្អាត មានអនាម័យគ្រប់គ្រាន់ ដើម្បីការពារកុំឱ្យកើតមានជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។
លើសពីនេះ នៅពេលទឹកស្រក ហើយត្រឡប់ទៅរស់នៅលំនៅឋានវិញ ត្រូវសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ ហើយខិតខំបន្តប្រកបមុខរបរដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ក៏ដូចជារុត្រូវប្រងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានជារៀងរាល់ថ្ងៃ៕