ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

គយប្រមូលពន្ធកើនឡើង២០ភាគរយក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២២

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែឆ្នាំនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រមូលចំណូលចំនួន ២ ០២៦,៨ លានដុល្លារអាម៉េរិក ស្មើនឹង៧៨,៨ភាគរយនៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២។ តួលេខនេះបើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុនគឺកើនឡើងចំនួន ២០ភាគរយ។

របាយការណ៍នេះត្រូវបង្ហាញឱ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាកររយៈពេល៩ខែ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

ចំណូលពន្ធអាករដែលកម្ពុជាទទួល៩ខែឆ្នាំនេះ គឺប្រមូលបានមកពី ចំណូលពន្ធអាករពិសេសមានចំនួន ៣ ១៤៥,៣ ប៊ីលានរៀល, អាករលើតម្លៃបន្ថែមមានចំនួន ៣ ១០៤,៧ ប៊ីលានរៀល, ពន្ធគយមានចំនួន ១ ៥៥៩,៦ ប៊ីលានរៀល, អាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៦៧,៩ ប៊ីលានរៀល, ទំនិញចម្រុះមានចំនួន ២ ២០៦,៩ប៊ីលានរៀល, យានយន្តនិងគ្រឿងចក្រមានចំនួន ៣ ៨៨៩,៦ប៊ីលានរៀល, ផលិតផលតេលសិលាមានចំនួន ១ ៦៨៣,៦ប៊ីលានរៀល និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៤៧៨,៥ប៊ីលានរៀល។

ក្រៅពីប្រមូលពន្ធ និងអាករ កម្ពុជារយៈពេល៩ខែ ក៏ទទួលបានចំណូលពីការនាំចេញផលិតផលកាត់ដេរមានចំនួនជាង ១ម៉ឺនលានដុល្លារ កើនឡើងជាង ២ពាន់លានដុល្លារ ឬស្មើនឹង ២៤,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ កុងផ្លាកេ ផលិតផលពីប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត មានចំនួនជាង ៤ពាន់លានដុល្លារ កើនឡើងប្រមាណ ៨០៨,២ លានដុល្លារ ស្មើនឹង ២៣,៩ភាគរយ។

សម្រាប់ការនាំចេញកសិផលមានចំនួនជាង ២ពាន់លានដុល្លារកើនឡើងប្រមាណ ១២២,៣ លានដុល្លារអាមេរិក ស្មើនឹង ៥,៨ភាគរយ។ ក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៥០៣,៦ លានដុល្លារអាម៉េរិក ថយចុះប្រមាណ ៩១,២ លានដុល្លារ ឬស្មើ ១៥,៣ភាគរយ, ការនាំចេញអង្ករមានតម្លៃ ២៩១,៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥,១លានដុល្លារអាមេរិក ឬស្មើ ១,៨ភាគរយ, កៅស៊ូនាំចេញមានតម្លៃ ២៧២,៨លានដុល្លារ កើនឡើងប្រមាណ ៧លានដុល្លារ ឬស្មើ ២,៦ភាគរយ, និងកសិផលផ្សេងទៀតមានតម្លៃ ១ ១៥៩,៧លាន កើនឡើង ២០១,៥លានដុល្លារអាមេរិក ឬស្មើនឹង ២១ភាគរយ។

ទន្ទឹមនឹងប្រមូលចំណូលពន្ធ ឆ្នាំនេះគយក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗមួយចំនួនដូចជាការពង្រឹងការងារបច្ចេកទេសនិងការអនុវត្តច្បាប់, ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ, ការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ, ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ, ការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននានា, និងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី លោក គុណ ញឹម បានណែនាំឲ្យមន្ត្រីក្រោមឱវាទទំាងអស់បន្តអនុវត្តការងារពង្រឹងអភិបាលកិច្ច, ការកៀរគរចំណូល, និងការងារចំពោះមុខមួយចំនួនទៀតប្រកបដោយប្រសិទ្ធភាពផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក