កាណាដា៖ ការវាយប្រហារដោយរលកកំដៅខ្ពស់មួយ បានកើតឡើងនៅភាគខាងលិចប្រទេសកាណាដា និងនៅភាគពាយ្យ័ពនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលនាំឱ្យមានកំដៅក្តៅខ្លាំងរហូតដល់កំណត់ត្រាមិនធ្លាប់កើតមានឡើងនៅក្នុងតំបន់មួយចំនួននៅប្រទេសកាណាដា ក៏ដូចជារដ្ឋវ៉ាស៊ីនតោន និង អូរ៉េហ្គន ខណៈអាជ្ញាធរអាកទិចកាណាដា ក៏បានព្រមានពីបញ្ហានេះនៅថ្ងៃអាទិត្យម្សិលមិញនេះ។
Lytton ដែលជាតំបន់មានកំដៅខ្ពស់បំផុតមួយ មានទីតាំងស្ថិតនៅខេត្ត British Columbia ដែលស្ថិតនៅចំងាយប្រមាណជា ២៥០គីឡូម៉ែត្រភាគឥសាន្តនៃរដ្ឋ Vancouver បានកត់ត្រានៃសីតុណ្ហភាពខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់កាណាដា រហូតដល់ ៤៦,៦អង្សារសេ។ នេះបើយោងតាមប្រភពដែលចេញផ្សាយដោយក្រសួងបរិស្ថានរបស់កាណាដា។ មិនត្រឹមតែនៅតំបន់ Lytton នេះប៉ុណ្ណោះទេ ក្រសួងបរិស្ថានកាណាដាក៏បានកត់ត្រានៅសីតុណ្ហភាពខ្ពស់បំផុតថ្មីៗប្រមាណជា ៤០ទីតាំងផ្សេងទៀតផងដែរ។
មិនត្រឹមតែប៉ុណ្ណេះទេ កម្រិតសីតុណ្ហភាពដែលបន្តកើនឡើងនេះ នឹងនៅតែកើនឡើងបន្ថែមទៀតប្រមាណជា ១សប្តាហ៍ជាប់ៗគ្នាតែម្តង ផ្អែកតាមការព្យាករណ៍របស់មន្រ្តីទទួលបន្ទុកផ្នែកបរិស្ថានរបស់កាណាដា។ អាជ្ញាធរបរិស្ថានក៏បានបន្តក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ធំៗដូចជា British Columbia, Alberta ព្រមទាំងផ្នែកខ្លះនៃតំបន់ Saskatchewan, Yukon និងតំបន់មួយចំនួននៅក្នុងភាគពាយ្យ័ពនៃប្រទេសកាណាដា។
មិនត្រឹមតែអាជ្ញាធរកាណាដាប៉ុណ្ណោះទេ ភ្នាក់ងារឧតុនិយមជាតិរបស់សហរដ្ឋអាមេរិកក៏បានធ្វើការព្រមានពីការវាយប្រហារដោយរលកកំដៅកម្រិតខ្ពស់មួយ ដែលនាំឱ្យសីតុណ្ហភាពអាចកើនឡើងខ្ពស់ជាង ៣០ហ្វារិនហៃត៍ លើសពីសីតុណ្ហភាពធម្មតានៅក្នុងរដ្ឋ Washington និង Oregon។
ដោយឡែក អាជ្ញាធរផ្នែកអគ្គិសនីក្នុងតំបន់ដែលមានការកើនឡើងកំដៅខ្លាំង ក៏បានចេញមកបញ្ជាក់ថា ប្រជាជនតាមបណ្តាតំបន់នីមួយៗបានសម្រុកប្រើប្រាស់ថាមពលអគ្គិសនីច្រើនខ្លាំងលើសពីធម្មតា ដើម្បីបន្ថែមភាពត្រជាក់តាមទីលំនៅរៀងៗខ្លួន ខណៈទីតាំងផ្តល់វ៉ាក់សាំង និងសាលារៀនមួយចំនួនក៏ទំនងជានឹងប្រកាសផ្អាកដំណើរការផងដែរ ដោយសារបញ្ហារលកកំដៅលើសពីធម្មតានេះ៕