រាជរដ្ឋាភិបាលអំពាវនាវវិនិយោគិន ធុរជន ចូលរួមបរិច្ចាគធនធានតាមរយៈសកម្មភាព ការងារគ្រប់គ្រងគ្រោះមហន្តរាយ
ភ្នំពេញ៖ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់វិនិយោគិន ធុរជន ម្ចាស់សហគ្រាស បន្តចូលរួមចំណែកបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលដោយបរិច្ចាគធនធានដើម្បីការពារធុរកិច្ច ការពារពាណិជ្ជកិច្ច និងការពារសេដ្ឋកិច្ចសង្គម តាមរយៈសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រាជរដ្ឋាភិបាល។
សម្រាប់សម្តេចតេជោ ផ្នែកវិស័យឯកជន ជាសសរស្តម្ភមួយនៃកំណើនសេដ្ឋកិច្ចជាតិ មានតួនាទីសំខាន់ក្នុងការចូលរួមក្នុងសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយ។
នាយរដ្ឋមន្ត្រីបានថ្លែងដូច្នេះថា៖ «តាមរយៈភាពស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នានេះ អាចបញ្ជាក់បានថា ផ្នែកឯកជនមិនអាចកាត់ផ្តាច់បានពីការងារគ្រប់គ្រងគ្រោះមហន្តរាយ។ ហេតុនេះវិនិយោគកម្មប្រកបដោយភាពវៃឆ្លាត គឺត្រូវមានការវិភាជទុនវិនិយោគទៅលើកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើធុរកិច្ចការពារការខាតបង់ជាយថាហេតុ និងធានាបាននិរន្តភាពធុរកិច្ចរបស់ខ្លួន»។
ខណៈកម្ពុជាកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ រាជរដ្ឋាភិបាលបានណែនាំឱ្យបន្តបង្កើតប្រព័ន្ធការពារគ្រោះថ្នាក់ការងារ រៀបចំហេដ្ឋារចនាសម្ព័ន្ធធន់ បង្កើតទីសុវត្ថិភាព បណ្តុះបណ្តាលនិយោជិត បុគ្គលិកកម្មករឱ្យយល់ដឹងពីគ្រោះមហន្តរាយ វិធីការពារ ការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
ប្រមុខរាជរដ្ឋាភិបាលបានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរួមជាមួយដៃគូជំនាញ ដៃគូវិនិយោគ និងដៃគូអភិវឌ្ឍ បង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការផ្តល់ព័ត៌មានឱ្យបានដឹងមុន ដើម្បីធានាថា អាជ្ញាធរមានសមត្ថកិច្ច និងប្រជាជនដែលរងគ្រោះ ទទួលបានសេវាផ្តល់ព័ត៌មានអំពីហានិភ័យ និងអំពីវិធានការគួរប្រកាន់យកជាមុនឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបញ្ជាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តពង្រឹង និងពង្រីកប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីធានាថាប្រជាជនរងគ្រោះ នឹងត្រូវបានដោះស្រាយបញ្ហាសន្តិសុខស្បៀង មានគ្រាប់ពូជសម្រាប់ស្តារការដាំដុះ និងមានសាច់ប្រាក់បម្រុងដើម្បីដោះស្រាយតម្រូវការផ្សេងទៀត ដែលមិនមែនជាស្បៀង និងគ្រាប់ពូជ។
បន្ថែមពីនេះ សម្តេចតេជោ ក៏បានណែនាំឱ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបន្តសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្នុងការពង្រឹង និងពង្រីកសមត្ថភាពកងប្រតិបត្តិការរុករក និងសង្រ្គោះ ដោយសិក្សាលើគម្រោងស្នើបំពាក់សម្ភារ និងមធ្យោបាយ ដើម្បីធានាការជួសង្រ្គោះ បានទាន់ពេលវេលាលើគ្រប់មុខសញ្ញាគ្រោះថ្នាក់នៅគ្រប់កាលៈទេសៈ ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។
លើសពីនេះ រាជរដ្ឋាភិបាលបានប្រាប់ឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងយន្តការ គោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី ផែនការ និងសកម្មភាពដែលមានស្រាប់។ ជាពិសេសពង្រឹងសមត្ថភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួង ស្ថាប័នរបស់ខ្លួន ត្រូវត្រួតពិនិត្យ និងរៀបចំផែនការត្រៀមបម្រុងរបស់ខ្លួន និងត្រូវត្រៀមបម្រុងនូវធនធាន មធ្យោបាយ និងសម្ភារ ក្នុងការជួយសង្រ្គោះពេលមានគ្រោះមហន្តរាយ ផ្តល់ការឧបត្ថម្ភគាំទ្រដល់ប្រជាជនដែលរងគ្រោះ និងស្តារឡើងវិញក្រោយគ្រោះមហន្តរាយ នៅក្នុងដែនសមត្ថកិច្ចនៃវិស័យរបស់ខ្លួន។
ទន្ទឹមនឹងត្រូវប្រុងប្រយ័ត្ន និងការពារពីហានិភ័យគ្រោះទឹកជំនន់ រាជរដ្ឋាភិបាលក៏បានអំពាវនាវដល់ពលរដ្ឋត្រូវបន្តរស់នៅជាមួយភាពប្រក្រតីគន្លងថ្មី បន្តការពារខ្លួន បន្តចាក់វ៉ាក់សាំងកូវីដ-១៩ និងបន្តរស់នៅស្អាតជាមួយបរិស្ថានល្អផងដែរ។
តាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀងឆ្នាំនេះ បានធ្វើឲ្យខេត្តចំនួន ២២រងផលប៉ះពាល់ ក្នុងនោះមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ និងខេត្តព្រះវិហារ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ៕