ភ្នំពេញ៖ ប្រជាពលរដ្ឋ ៤៨គ្រួសារដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ទទួលបានអំណោយមនុស្សធម៌មួយចំនួនពីកាកបាទក្រហមកម្ពុជាដែលមានដូចជាអង្ករ គ្រឿងបរិភោគផ្សេងៗ និងសម្ភារប្រើប្រាស់មួយចំនួនដែរ។
នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ លោក អ៊ុយ សំអាតកាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៤៨គ្រួសារ មកពីសង្កាត់ប្រទះឡាងចំនួន ២៧គ្រួសារ និងសង្កាត់បឹងធំ ចំនួន ២១គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ពិធីនេះរៀបចំឡើងនៅទីតាំងទីទួលសុវត្ថិភាព វត្តសុវណ្ណអម្ពរស្វាយមាស។
ក្នុងនោះអំណោយមនុស្សធម៌ដែលប្រជាពលរដ្ឋរងគ្រោះទទួលបានមានដូចជា អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៉ីវ ៦ដប, ឃីត ១កញ្ចប់ (សារុង មុង ភួយ ក្រមា និងអាវយឺត), សាប៊ូ ១ដប ជែលលាងដៃចំនួន ១ដប និងថវិកា ២ម៉ឺនរៀល។
ដោយឡែក បើតាមលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បានគូសបញ្ជាក់ថា សម្រាប់អំណោយជួយដល់ប្រជាពលរដ្ឋរងគ្រោះកាកបាទក្រហមកម្ពុជាបែងចែកតែចំនួនតិចតួចប៉ុណ្ណោះ ចំណែកចំនួនដែលច្រើនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាអ្នកធ្វើការបែងចែក។
ក្នុងឱកាសនោះដែរ នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយដដែលបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រធានកាកបាទក្រហមកម្ពុជាគឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះទាំងអស់ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ និងចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងដងស្ទឹងព្រែកត្នោត ដែលជាគ្រោះធម្មជាតិបង្កដោយការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះលោកបាននាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់ប្រជាពលរដ្ឋមួយចំនួនផងដែរ។
ក្នុងនោះសម្តេចកិត្តិព្រឹទ្ធបានអំពាវនាវឱ្យប្រជាពលរដ្ឋគិតគូរ និងយកចិត្តទុកដាក់ថែទាំអនាម័យសុខភាពឱ្យបានល្អ។ ប្រធានកាកបាទក្រហមដដែលក៏បានអំពាវនាវទៀតថា គ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។
ទន្ទឹមគ្នា សម្តេចកិត្តិព្រឹទ្ធបានគូសបញ្ជាក់ឱ្យប្រជាពលរដ្ឋបង្កើនស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះការលង់ទឹកដែលអាចកើតមានជាយថាហេតុ។ មួយវិញទៀត លោកជំទាវ បានណែនាំថានៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅឋានវិញ ត្រូវសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតមានអនាម័យ ហើយខិតខំបន្តបង្កបង្កើតផល តាមរយៈការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
សូមបញ្ជាក់ថា ការចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោតនៅកាលពីថ្ងៃទី១២ ខែតុលា មានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសមាជិក-សមាជិកា សាខា-អនុសាខា និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ៕