ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាបានលុយជាង ១៤លានដុល្លារពីការលក់ប្រេងឆៅដែល KrisEnergy លួចហើយត្រូវឥណ្ឌូនេស៊ីចាប់បាន

ភ្នំពេញ៖ កម្ពុជាទទួលបានប្រេងឆៅរបស់ខ្លួនត្រឡប់មកវិញដោយជោគជ័យ។ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីការលក់ប្រេងឆៅកាលពីខែកញ្ញា ឆ្នាំ២០២២ មានចំនួនជាង ១៤លានដុល្លារអាម៉េរិកក្រោយពីបានទូទាត់ចំណែកដល់ភាគីពាក់ព័ន្ធ។

រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្កិធារ៉ា បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់លោកនៅថ្ងៃទី១១ ខែតុលា ថា ប្រេងឆៅជាង ២៨ម៉ឺនបារ៉ែលដែលក្រុមហ៊ុន KrisEnergy បានបូមក្នុងប្លុកA នៃដែនសមុទ្រកម្ពុជា ត្រូវបាននាវា MT Strolovos របស់ក្រុមហ៊ុន World Tankers Management លួចដឹកចេញពីកម្ពុជាកាលអំឡុងខែមិថុនា ឆ្នាំ២០២១ មិនមានការបាត់បង់ឡើយ ពោលគឺកម្ពុជាបានប្រឹងប្រែងយកមកវិញតាមផ្លូវច្បាប់ជាតិ-អន្តរជាតិ និងការចរចាពាណិជ្ជកម្មដ៏ស្វិតស្វាញ។

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែបានថ្លែងដូច្នេះថា៖ «ប្រេងឆៅរបស់កម្ពុជាដែលផលិតបានទាំងអស់ មិនមានការបាត់បង់ទេ។ ការតស៊ូតាមផ្លូវច្បាប់ជាតិនិងអន្តរជាតិ និងការចរចារពាណិជ្ជកម្មដ៏ស្វិតស្វាញ បានរក្សារការពារបាននូវកម្មសិទ្ធនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជាបានយ៉ាងពេញលេញ ក្នុងនាមជាម្ចាស់ធនធាននេះ»។

លោក ម៉េង សក្កិធារ៉ា បានបញ្ជាក់ថា ប្រេងឆៅជាង ២៨ម៉ឺនបារ៉ែលរបស់កម្ពុជាលក់បានទឹកប្រាក់ចំនួនជាង២៥លានដុល្លារ ដោយថ្លៃប្រេងឆៅ ត្រូវកំណត់យកតាមមូលដ្ឋានមធ្យមភាគថ្លៃប្រចាំខែកញ្ញា ស្មើនឹងជិត ៩០ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋលេខាធិការក្រសួងរ៉ែបានបន្តថា ទឹកប្រាក់ដែលលក់បាននេះត្រូវកាត់ថ្លៃឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេង ក្នុងមួយបារ៉ែលចំនួន ១១,៤៥ដុល្លារ សរុបទឹកប្រាក់ដែលកាត់ចំនួនជាង៣លានដុល្លារ។ កាត់លើការចំណាយដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរផ្ទង់ និងសេវាជំនាញការអន្តរជាតិផ្សេងៗ មានចំនួនជាង ១,៧លានដុល្លារ។ ក្រោយការទូទាត់ថ្លៃខាងលើ ចំណូលលក់នៅសល់សម្រាប់ការបែងចែកដល់ភាគីពាក់ព័ន្ធមានចំនួនជាង ២០លានដុល្លារ។

បើតាមលោក ម៉េង សក្តិធារ៉ា ចំណែកភាគីរដ្ឋាភិបាលដែលត្រូវទទួលបាន គឺ ៧០ភាគរយ នៃចំណូលលក់នៅសល់ខាងលើ ស្មើនឹងជាង ១៤លានដុល្លារ។

រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានអះអាងថា ក្រៅពីចំណែកសាច់ប្រាក់ដែលរដ្ឋបានទទួលពីការលក់ប្រេងឆៅខាងលើ ភាគីកម្ពុជាក៏ទទួលបានបន្ថែមពីការការរឹបអូសប្រាក់តម្កល់ធានាកាតព្វកិច្ចរបស់ក្រុមហ៊ុន KrisEnergy ដែលបានតម្កល់ពីមុនពេលប្រកាសក្ស័យធនចំនួន៥លានដុល្លារ។

លោកបាននិយាយដូច្នេះថា៖ «ដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy ទេ។ ជាមួយប្រព័ន្ធស្ថាបនភ័ណ្ឌ ដែលមានរួចហើយ និងទុនដំបូងដែលបានពីការលក់ប្រេងខាងលើ រដ្ឋអាចបន្តដំណើរការផលិតប្រេង ដែលនៅសល់តាមអណ្តូងប្រេងទាំងប្រាំ ប្រមាណជាង ១០ម៉ឺនបារែលបន្តទៀត និងអាចខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីផលិតប្រេងនៅតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លាតហ្វម A នេះបន្តទៀត»។

កាលពីសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធភាពសម្រេចបានក្នុងរយៈពេល៥ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល» នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក ម៉េង ស័ក្តធារ៉ា បានអះអាងថា ករណីលួចប្រេងកម្ពុជាយកទៅ គឺមិនជាប់ពាក់ព័ន្ធនឹងមន្ត្រីក្រសួងរ៉ែ និងថាមពល ឬមន្ត្រីរបស់រាជរដ្ឋាភិបាលក្នុងការប្រព្រឹត្តិអំពើពុករលួយ ឬការគប់គិតគ្នាកេងបន្លំសម្រាប់យកប្រេងទៅបម្រើដល់ប្រយោជន៍របស់បុគ្គលណាមួយឡើយ ពោលគឺបណ្តាលមកពីក្រុមហ៊ុនរកប្រេងនៅកម្ពុជារបស់សាំងហ្គាពួរត្រូវបានក្ស័យធន ដែលធ្វើឲ្យក្រុមហ៊ុនគ្មានប្រាក់សម្រាប់ថ្លៃដឹកជញ្ជូនប្រេង ទើបក្រុមហ៊ុនដឹកជញ្ជូនលួចដឹកប្រេងយកទៅដោយទុកឲ្យភាគីពាក់ព័ន្ធជាអ្នកដោះស្រាយ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក