ភ្នំពេញ៖ កងទ័ពជើងគោក បង្ហាញការសាទរចំពោះតុលាការប្រទេសបារាំងដែលផ្ដល់យុត្តិធម៌ជូននាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដោយនឹងប្ដេជ្ញាគាំទ្រ ការពារ និងប្រឆាំងដាច់ខាតចំពោះជនណាដែលមានបំណងយាយី បំពានដល់ច្បាប់ សុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍរបស់សង្គម។
លិខិតចូលរួមគាំទ្រនិងអបអរសាទរ របស់កងទ័ពជើងគោក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានសម្ដែងនូវការគាំទ្រ និងអបអរសាទរ ប្រកបដោយមោទកភាពខ្ពស់ ចំពោះតុលាការប្រទេសបារាំង សភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដែលបានផ្ដល់នូវយុត្តិធម៌ និងភាពស្អាតស្អំ ដល់នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន និងបានរកឃើញការថា លោក សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើបរិហាកេរ្តិ៍ប្រាកដមែន។
លិខិតដដែល ឱ្យដឹងថា សាលក្រមរបស់តុលាការបារាំង បានបង្ហាញនូវភាពជោគជ័យរបស់ សម្ដេចតេជោ ក្នុងការសម្រេចតាមបំណងប្រាថ្នា ដែលចង់បាននូវយុត្តិធម៌ និងភាពស្អាតស្អំ ដោយបានទាត់ចោលការថ្លែងមួលបង្កាច់របស់ជនជាប់ចោទ លោក សម រង្សុី។
គួរឱ្យដឹងថា លោក សម រង្ស៊ី បានរងភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយតុលាការបាន បញ្ជាក់ថា ពាក្យពេចន៍របស់លោក គឺការចោទប្រឆាំងដោយគ្មានភស្តុតាង និងជាការបរិហាកេរ្តិ៍ ហើយលោកត្រូវតុលាការឱ្យបង់ខាតចំពោះរាល់ការចំណាយទាំងអស់។
យ៉ាងណាមិញ កងទ័ពជើងគោក បានប្ដេជ្ញាចូលរួមគាំទ្រ ការពារ និងប្រឆាំងដាច់ខាតចំពោះជនអគតិទាំងឡាយដែលមានបំណងយាយី បំពានដល់ច្បាប់ ដល់សុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍរបស់សង្គម៕