បារីស៖ ទីបំផុតតុលាការសាលាដំបូងប្រទេសបារាំងបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការពិតហើយ ទាក់ទងទៅនឹងសំណុំរឿងសម្ដេចតេជោ ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី។ តុលាការបញ្ជាក់ថា លោក សម រង្ស៊ី ពិតជាបានបរិហារក្ដេរិ៍សម្ដេចតេជោនិងចាញ់ក្ដីនេះពិតប្រាកដ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ តុលាការសាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង បានបញ្ជាក់ថា ការនិយាយរបស់ សម រង្ស៊ី ដែលបានចោទប្រកាន់សម្ដេចតេជោ ហ៊ុន សែន ថាជាអ្នកនៅពីក្រោយនៃការធ្លាក់យន្តហោះរបស់លោក ហុក ឡង់ឌី ត្រូវចាត់ទុកថាជាការបរិហាកេរ្តិ៍សម្ដេច។
ក្នុងសេចក្ដីប្រកាសនោះបញ្ចាក់ថា៖ «ការចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកបង្គាប់បញ្ញាឲ្យមានការធ្វើឃាតដែលមាន ចរិតនយោបាយទាំង២ករណី ខាងលើ និងថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើ ឃាតនេះ គឺជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី (លោក ហ៊ុន សែន)»។
តុលាការបន្ថែមថា ភស្តុតាង និងការអះអាងរបស់ សម រង្ស៊ី គឺមានលក្ខណៈទន់ខ្សោយដែលមិនអាចយកជាការបានផងដែរ។
ក្នុងសេចក្ដីប្រកាសនោះបន្ថែមថា៖ «តុលាការ បានចាត់ទុកថា សម រង្ស៊ី មានមូលដ្ឋានអង្គហេតុ “តិចតួចបំផុត” ក្នុងការគាំ ទ្រការចោទប្រកាន់របស់ខ្លួន។ ត្រង់ចំណុចនេះ តាមច្បាប់ មូលដ្ឋានបញ្ជាក់ក្នុងអង្គហេតុ ត្រូវតែមានគ្រប់គ្រាន់ ក៏ប៉ុន្តែ ជាក់ស្ដែង គ្មានមូលដ្ឋានអង្គហេតុទាល់តែសោះ»។
គួរឱ្យដឹងផងដែរថាតុលាការប្រទេសបារាំងកាលពីថ្ងៃទី១១ ខែតុលា បានកាត់សេចក្ដីឲ្យសម្ដេចតេជោ ហ៊ុន សែន ឈ្នះនៅក្នុងបណ្ដឹងប្ដឹងលោក សម រង្ស៊ី ដែលបានបរិហារកេរ្តិ៍សម្ដេចថា នៅពីក្រោយការធ្លាក់យន្តហោះរបស់អតីតអគ្គស្នងការនគរបាលជាតិលោក ហុក ឡង់ឌី កាលពីឆ្នាំ២០០៨។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិព្រឹកថ្ងៃអង្គារ៍ ទី១១ ខែតុលា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រោះតែភាពយុត្តិធម៌ និងភាពស្អាតស្អំ ទើបតាមប្ដឹង សម រង្ស៊ី ដល់ប្រទេសបារាំង។
សម្ដេចថា៖ «តើ ហ៊ុន សែន ចង់បានអី? បានជាតាមវ៉ៃអ្ហែងដល់ផ្ទះ? ហ៊ុន សែន ចង់បានភាពស្អាតស្អំនៅទីនោះ អត់មានចង់បានអីទេ»៕