សៀមរាប៖ អាជ្ញាធរជាតិអប្សរានឹងគ្រោងបិទផ្ទាំងផ្ទៃមុខអប្សរាដែលរបេះចេញពីរូបរាងនៅលើចិញ្ចាំងប្រាសាទតាព្រហ្មកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឡើងវិញនៅពេលដែលទីតាំងផ្ទាំងថ្មដែលរបេះនោះស្ងួតល្អសិន។
លោក សោម ប៊ុនធឿន អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទតាព្រហ្ម បានអះអាងថា ផ្ទៃមុខអប្សរាដែលផុសឡើងដោយព័ទ្ធជុំវិញឫសដើមត្រាងនៅប្រាសាទតាព្រហ្ម របេះចេញពីរាងកាយគឺវារបេះឡើងដោយឯកឯងដោយសារអាយុកាល និងកត្តាធម្មជាតិ ពោលមិនមែនជាសកម្មភាពមនុស្សលួចដាប់ឡើយ។
ប្រធានសាខាបក្សនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃគណបក្សមូលដ្ឋានអាជ្ញាធរជាតិអប្សរា លោក លោក សេង សុធារ៉ា បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានEAC តាមតេឡេក្រាមថា ផ្ទៃមុខអប្សរាដែលជ្រុះចេញពីរាងកាយនោះ អ្នកជំនាញគ្រោងដាក់បិទភ្ជាប់ឡើងវិញនៅពេលដែលសាច់ថ្មស្ងួតទឹក ពីព្រោះអាកាសបច្ចុប្បន្នមិនអំណោយផល។
បើតាមលោក សេង សុធារ៉ា ផ្ទៃមុខអប្សរាដែលជ្រុះនោះ មិនមានការខូចខាតឡើយ ដោយសារតែរបេះធ្លាក់ចុះក្នុងកម្ពស់ទាប។
លោកស្រី នេត ស៊ីម៉ន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅប្រាសាទតាព្រហ្ម បានលើកឡើងថា ការប្រេះផ្ទាំងមុខអប្សរានោះ ដោយសារផ្ទៃមុខមានស្នាមប្រេះយូរមកហើយ ប៉ុន្មានមន្ត្រីជំនាញមើលមិនឃើញពីព្រោះតែមានកូនឫសឈើដើមត្រាងចាក់ចូល ទើបធ្វើឲ្យឫសដើមនោះផ្ទាត់រូបមុខអប្សរានោះធ្លាក់ជ្រះមក។