ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រោះតែភាពយុត្តិធម៌ និងភាពស្អាតស្អំ ទើបតាមប្ដឹង សម រង្ស៊ី ដល់ប្រទេសបារាំង ហើយជាលទ្ធផលគឺសម្ដេចទទួលបានជ័យជម្នះ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិព្រឹកថ្ងៃអង្គារ៍ ទី១១ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «តើ ហ៊ុន សែន ចង់បានអី? បានជាតាមវ៉ៃអ្ហែងដល់ផ្ទះ? ហ៊ុន សែន ចង់បានភាពស្អាតស្អំនៅទីនោះ អត់មានចង់បានអីទេ»។
ថ្លែងដោយលើកសាលក្រមតុលាការបារាំងអានជូននិស្សិត និងពលរដ្ឋដែលកំពុងទស្សនាការផ្សាយផ្ទាល់នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់តុលាការបារាំងដែលបានផ្ដល់យុត្តិធម៌ជួនសម្ដេច។ សម្ដេចថាមាន៣ចំណុចដែលតុលាការបារាំងបានសម្រេច រួមមានការបញ្ជាក់ថាសម្ដេចតេជោមិនមែនជាអ្នកនៅពីក្រោយនៃការស្លាប់របស់លោក ហុក ឡង់ឌី ហើយ សម រង្ស៊ី បានបរិហារកេរ្តិ៍សម្ដេចពិតមែន ខណៈដែលគ្មានភស្ភុតាងដែលយកមកដាក់បន្ទុកសម្រាប់ការពារអំណេះអំណាងរបស់ខ្លួននោះទេ។
សម្ដេចតេជោថា៖ «អ្វីដែលខ្ញុំបានឱ្យពិភពលោកទទួលយក តុលាការដែលគេទទួលស្គាល់ តុលាការដែលគេថាយុត្តិធម៌ទទួលស្គាល់។ អ្នកឯងចោទខ្ញុំថាខ្ញុំស្លាប់ដន្លងរបស់ខ្លួនឯង ហុក ឡង់ឌី ជាដន្លងរបស់ខ្ញុំហើយមិនមែនជាដន្លងធម្មតាទៀត! បងយកបង ប្អូនយកប្អូន វាមួយគូរនោះ។ ឥឡូវអ្នកឯងចោទទៀតទៅបន្តទៀតទៅ ហើយប្រកាសពីជោគជ័យក្នុងចិត្តទៅ»។
កាលពីយប់មិញ សម រង្ស៊ី បានសរសេរបង្ហោះលើហ្វេសបុករបស់លោកដោយយកសេចក្ដីថ្លែងការណ៍របស់មេធាវីលោកថា លោកត្រូវបានតុលាការលើកលែងការចោទប្រកាន់ពីតុលាការក្រុងប៉ារីសចំពោះបណ្ដឹងសម្ដេចតេជោ។
ក្នុងលិខិតនោះបានសរសេរថា៖ «តាមរយៈ ការប្រកាសថា សម រង្ស៊ី គ្មានទោសកំហុសអ្វីទេ តុលាការប្រទេសបារាំង ទទួលស្គាល់ជាឱឡារឹក ថាការតស៊ូរបស់ សម រង្ស៊ី ជាការតស៊ូត្រឹមត្រូវ ហើយតុលាការ ក៏បានការពារសិទ្ធិសម្តែងមតិរបស់គាត់»។
ចំណុចនេះត្រូវបានសម្ដេចតេជោ អានសាលក្រមមកបញ្ជាក់ថា «ការរួចខ្លួនរបស់ សម រង្ស៊ី គឺដោយសារការអនុគ្រោះពីតុលាការប៉ុណ្ណោះ» ដោយសារនាយករដ្ឋមន្ត្រីដឹកនាំប្រទេសមួយមានសិទ្ធិធំ ខណៈ សម រង្ស៊ី ជាពលរដ្ឋម្នាក់ប៉ុណ្ណោះ។
សម្ដេចតេជោថា៖ «នៅក្នុងលក្ខខន្តទាំងនេះការកាត់ទោសផ្នែកព្រហ្មទណ្ឌអាចប៉ះពាល់ដល់វិសមមាត្រនៃសិទ្ធិសេរីភាពបញ្ចេញមតិរវាងដើមបណ្ដឹងនិងជនជាប់ចោទដែលត្រូវបានការពារដោយមាត្រា១០ នៃអនុសញ្ញាអឺរ៉ុបស្ដីពីសិទ្ធិមនុស្សដូច្នេះ សម រង្ស៊ី នឹងទទួលបានការអនុគ្រោះឱ្យរួចផុតពីបទចោទទាំងពីរ។ គេប្រើពាក្យអនុគ្រោះ លោកឯងបកស្រាយទៅបើឈ្នះ!»
សម្ដេចតេជោថា ជោគជ័យរបស់ សម រង្ស៊ី មានតែមួយប៉ុណ្ណោះគឺមិនបង់លុយមួយអឺរ៉ូដែលសម្ដេចប្ដឹងទារ តែជោគជ័យរបស់សម្ដេចគឺភាពស្អាតស្អំរបស់សម្ដេចដែលរង់ចាំតាំងពីឆ្នាំ២០១៩។
សម្ដេចតេជោសង្ឃឹមថាអ្នកដែលចាញ់បោកលោក សម រង្ស៊ី អាចគិតពិចារណាលើករណីនេះ។
សម្ដេចថា៖ «បើសិនជាខ្ញុំប្រព្រឹត្តិមែននៅក្នុងការដែលគេនិយាយនេះគឺមិនមែនឱ្យខ្ញុំរួចខ្លួនឯងណា! ខ្ញុំនឹងត្រូវជាប់គុកអស់មួយជីវិតទៀតថែមទាំងត្រូវបង់ថ្លៃមេធាវីឱ្យចុងចោទទៀត លោកឯងគិតមើលទៅ! អ្នកគាំទ្រនានាដែលជឿគិតមើលទៅនៅកន្លែងហ្នឹង។ ខ្ញុំត្រូវការភាពស្អាតស្អំតែប៉ុហ្នឹង ឥឡូវភាពស្អាតស្អំរបស់ខ្ញុំគឺទទួលបានហើយ»។
បន្ថែមលើនេះសម្ដេចតេជោថា ក្នុងនាមជាដើមបណ្ដឹងនឹងមិនប្ដឹងឧទ្ធរណ៍នោះទេព្រោះសម្ដេចពេញចិត្តចំពោះការបកស្រាយថាសម្ដេចគ្មានការពាក់ព័ន្ធដូចការចោទប្រកាន់របស់ សម រង្ស៊ី នោះទេ។ ទោះជាយ៉ាងណាសម្ដេចតេជោ ស្វាគមន៍ជានិច្ចប្រសិនជា សម រង្ស៊ី ចង់បន្តក្ដីទៅតុលាការឧទ្ធរណ៍ថែមទៀត។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថាករណីក្ដីក្ដាំងបណ្ដឹងនេះទាំងសម្ដេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី គឺបានផលដូចគ្នា គឺសម្ដេចតេជោទទួលបានភាពស្អាតស្អំ ខណៈដែលលោក សម រង្ស៊ី បានរួចខ្លួនពីការចោទប្រកាន់។ លោក បានបង្ហាញការចាប់អារម្មណ៍លើការកាត់ទោសរបស់តុលាការបារាំងដែលយកចិត្តទុកដាក់លើការគោរពសិទ្ធិបញ្ចេញមតិ។
លោកថា៖ «ក្នុងទិដ្ឋភាពនយោបាយយើងឃើញថាលោក សម រង្ស៊ី ការចោទប្រកាន់របស់គាត់វាមិនសុក្រិតទេមិនល្អទេ ហើយតុលាការក៏មិនដាក់បន្ទុកគាត់ដែរគេថាជាសិទ្ធិបញ្ចេញមតិគឺថាអ្នកនយោបាយទាំងពីរបានផលដូចគ្នា»។
គួររំលឹកផងដែរថា បណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន និងបណ្តឹងរបស់លោក ឌី វិជ្ជា ប្តឹងទណ្ឌិត សម រង្ស៉ី ត្រូវបានដាក់ចូលតុលាការទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចធ្វើការចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី ពីបទបរិហាកេរ្តិ៍ជាសាធារណ:ប្រឆាំងបុគ្គល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្តឹងទណ្ឌិត សម រង្ស៉ី ចំពោះសារដែលបុគ្គលនេះបានដាក់ផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននិងសំដីដែលបុគ្គលនេះបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកជាភាសាខ្មែរ (VOA) ដែលបុគ្គល សម រង្ស៉ី បានធ្វើការចោទប្រកាន់ចំពោះនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ ទណ្ឌិតសម រង្ស៉ី បានអះអាងដោយមួលបង្កាច់ថា (១)- ថាសម្តេចតេជោ បានសម្លាប់ ឬជាមេក្លោងឲ្យគេសម្លាប់លោក ហុក ឡងឌី (២)-ថាសម្តេចតេជោ បានបញ្ជាឲ្យសម្លាប់លោកជា វិជ្ជា៕