ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវចេះនិងបង្កើនការថែរក្សាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តបានល្អ ដោយការណ៍នេះនឹងនាំឱ្យគ្រួសារមានសុភមង្គល និងមានធនធានមនុស្សល្អសម្រាប់អភិវឌ្ឍប្រទេសជាតិ។
សេចក្ដីជូនព័ត៌មាន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ស្ដីពីទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រសួងសុភិបាល បានអំពាវនាវដល់បុគ្គលគ្រប់រូបទាំងកុមារ មនុស្សពេញវ័យ និងមនុស្សចាស់ ត្រូវចេះថែរក្សាសុខភាពផ្លូវចិត្តក៏ដូចជាសុខភាពផ្លូវកាយឱ្យបានល្អ ដោយថាវានឹងនាំឱ្យគ្រួសារមានសុភមង្គល និងនាំឱ្យមានធនធានមនុស្សល្អសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ឱ្យដឹងបន្ថែមថា ដើម្បីធ្វើការលើកកម្ពស់សុខភាពផ្លូវចិត្ត ក្រសួងបានដាក់បញ្ចូលសេវាពិនិត្យ និងព្យាបាលជំងឺផ្លូវចិត្តនៅតាមមូលដ្ឋានសុខាភិបាលដែលមានកម្រិតឯកទេស កម្រិតមូលដ្ឋាន និងកម្រិតបឋម។
គួរឱ្យដឹងថា ជាលទ្ធផល ក្រសួងបានដាក់ឱ្យដំណើរការនូវសេវាពិនិត្យព្យាបាលផ្លូវចិត្ត មានកម្រិតឯកទេសនៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត បានចំនួន ១០កន្លែង និងកម្រិតមូលដ្ឋាននៅតាមមន្ទីរពេទ្យបង្អែកខេត្ត/ស្រុកចំនួន ៩៧កន្លែង និងកម្រិតបឋមនៅតាមមណ្ឌលសុខភាពចំនួន ៣៥៥កន្លែង។
ក្នុងនោះ ក្រសួងបន្ថែមថា ចំណែកការប្រើប្រាស់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលផ្លូវចិត្តនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ សម្រាប់ឆ្នាំ២០២១ មានចំនួនសរុប ៨៧ ២៨៤នាក់ (ប្រុស ៣៦ ៦៣១នាក់, ស្រី ៥០ ៦៥៣នាក់)។
គួរឱ្យដឹងថា ជារៀងរាល់ឆ្នាំ អង្គការសុខភាពពិភពលោក បានប្រារព្ធ ទិវាសុខភាពពិភពលោក នៅថ្ងៃទី១០ ខែតុលា ដែលមានប្រធានបទផ្សេងៗគ្នា។
យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២២នេះ អង្គការសុខភាពពិភពលោក បានប្រារព្ធទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រធានបទ «សុខភាពផ្លូវចិត្ត និងសុខមាលភាពសម្រាប់មនុស្សគ្រប់រូប ជាអាទិភាពចម្បងរបស់ពិភពលោក» (Make Mental Health and Well-beign for All a Global Priority)។
គួរបញ្ជាក់ថា ទិវានេះប្រារព្ធឡើងក្នុងគោលបំណង ដើម្បីការពារ និងលើកកម្ពស់សុខភាពផ្លូវចិត្ត ការបង្កើនការយល់ដឹងអំពីអន្តរាគមន៍ក្នុងការបង្ការបញ្ហាសុខភាពផ្លូវចិត្ត ដើម្បីទប់ស្កាត់ការរើសអើងទៅលើបុគ្គលដែលមានបញ្ហាផ្លូវចិត្ត ការជម្រុញឱ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ក្នុងការយកចិត្តទុកដាក់ទៅលើការថែទាំ និងការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលា ក៏ដូចជាដើម្បីពង្រឹងសេវាសុខភាពផ្លូវចិត្តឱ្យមានគុណភាពល្អ និងគ្របដណ្ដប់ទូទាំងប្រទេស៕