ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដោយផ្ទាល់មាត់ទៅកាន់រដ្ឋមន្ត្រីអប់រំ ហង់ជួន ណារ៉ុន ឲ្យគិតគូរដល់ការសិក្សាអបរំរបស់កូនៗកម្មករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សម្ដេចតេជោ ហ៊ុន សែន ថាកម្មករដែលមកធ្វើការតាមការដ្ឋាននានា មានមួយចំនួនបានផ្ញើរកូនៗរបស់ពួកគេនៅជីដូនជីតា ដើម្បីមើលថែរក្សា និងមានខ្លះក៏ត្រូវយកមកជាមួយឪពុកម្ដាយតាមការដ្ឋានសំណង់នានា។
សម្ដេចថា៖ «ដូច្នេះត្រូវរកវិធីដោះស្រាយបញ្ហា ដោយទំនាក់ទំនងជាមួយសាលាក្បែរនោះឲ្យក្មេងទាំងនោះបានចូលរៀន»។
ក្នុងនោះផងដែរសម្ដេចក៏ឱ្យគិតគូរទៅដល់កូនចៅពលករចំណាកស្រុកដែលទៅប្រទេសថៃនិងប្រទេសកូរ៉េផងដែរ។
សម្ដេចតេជោថា៖ «យើងត្រូវគិតឲ្យគ្រប់ដើម្បីកុំឲ្យអ្នកណាម្នាក់នៅក្រៅចរន្តនៃការអប់រំ»៕