ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្តេចតេជោឆ្លើយតបទៅបក្សប្រឆាំងដែលចោទថាដកដំណែងរដ្ឋមន្ត្រីក្រសួងកសិកម្មខុសពីច្បាប់រដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតកាយរឹទ្ធិជាតិកម្ពុជា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅបក្សប្រឆាំងដែលចោទថាសម្តេចបានស្នើឲ្យព្រះមហាក្សត្រដកដំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម គឺជាបំពានច្បាប់រដ្ឋធម្មនុញ្ញ។

ជាការឆ្លើយតប សម្តេចបានលើកឡើងអំពីមាត្រានៃច្បាប់រដ្ឋធម្មនុញ្ញនៃកម្ពុជាត្រង់មាត្រា២០ និង២១។ សម្តេចតេជោបានថ្លែងដូច្នេះថា៖ «គេចោទយើងដករដ្ឋមន្ត្រី (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន) គឺវាត្រូវ ប៉ុន្តែខុសរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញមាត្រាទី២១ ចង្អុលបង្ហាញថា ព្រះមហាក្សត្រគឺទ្រង់នឹងឡាយព្រះហត្ថលេខាដើម្បីបញ្ចប់មុខតំណែង និងតែងតាំងសម្រាប់អង្គនីតិប្រតិបត្តិតាមសំណើគណៈរដ្ឋមន្ត្រី និងសម្រាប់អង្គតុលាការតាមសំណើរបស់ឧត្តមក្រុមប្រឹក្សាចៅក្រម»

សម្តេចតេជោបានសម្តែងការហួសចិត្តចំពោះការចោទប្រកាន់របស់បក្សប្រឆាំង។ នាយករដ្ឋមន្ត្រីកម្ពុជាបានថែ្លងថា៖ «ឯងធ្វើអីក៏ខុស។ វាថាលោកនោះជាសមាជិកសភាបកស្រាយច្បាប់គឺជារឿងធម្មតា ដល់ពេលឯង វាចាត់ទុកថារឿងមិនធម្មតា។ នៅពេលយើងធ្វើសកម្មភាពត្រូវតាមធម្មនុញ្ញ ត្រូវតាមច្បាប់ វាថាយើងរំលោភមាត្រា១១៩ នៃរដ្ឋធម្មនុញ្ញ (និយាយពីការតែងតាំងរដ្ឋាភិបាល មិនមែននិយាយពីរឿងដកតំណែងទេ)»

សូមរំលឹកថា លោក វេង សាខុន ត្រូវបានព្រះមហាក្សត្របញ្ចប់តំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយរាជរដ្ឋាភិបាលបានចាត់តាំងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ 

PHOTO: ហ៊ុន យុទ្ធគុណ


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក