ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រុមវង់ល្ខោនបាសាក់ចំនួនពីរបង្ហាញការមិនពេញចិត្តចំពោះលទ្ធផលដែលបានទទួល

ភ្នំពេញ៖ ក្រុមបេក្ខភាពប្រកួតល្ខោនបាសាក់ចំនួន ២ គឺខេត្តកណ្ដាល និងខេត្តបន្ទាយមានជ័យ បានបង្ហាញការមិនពេញចិត្តចំពោះលទ្ធផលដែលបានទទួល ដោយថាក្រុមដែលជាប់ជ័យលាភីលេខ១ សម្ដែងមិនមានភាពសុក្រិត្យនិងល្អសាកសម។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុក អ្នកដឹកនាំវង់ល្ខោនបាសាក់តំណាងខេត្តកណ្ដាល លោក អុល សំអាង និងតំណាងក្រុមខេត្តបន្ទាយមានជ័យ លោក ព្រំ រដ្ឋា បានសម្តែងការមិនអស់ចិត្តចំពោះលទ្ធផលដែលត្រូវបានប្រកាសក្នុងជ័យលាភីមហោស្រពល្ខោនបាសាក់ ទូទាំងប្រទេសឆ្នាំ២០២២ ដែលទើបតែបិទបញ្ចប់កាលពីពេលថ្មីៗនេះដោយថាក្រុមដែលជាប់ចំណាត់ថ្នាក់លេខ១គឺនៅមិនទាន់មានភាពសុក្រិត្យនិងល្អសាកសមនៅឡើយ។

ក្នុងនោះ អ្នកដឹកនាំក្រុម និងតំណាងឱ្យក្រុម ទាំងពីរបានបញ្ចេញនូវមតិស្រដៀងគ្នាថា ការប្រកួតប្រជែងនេះ គឺនៅពុំទាន់មានភាពប្រសើរល្អគ្រប់ជ្រុងជ្រោយតាមក្បួនខ្នាតឡើយ ដែលក្នុងនាមជាក្រុមដែលបានចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី មហោស្រព ល្ខោនបាសាក់ទូ ទាំងប្រទេស ពិតជាមិនអស់ចិត្តឡើយ។

ជាមួយគ្នានោះ លោក អុល សំអាង បានលើកឡើងថា លោកពិតជាមិនសុខចិត្តឡើយដែលក្រុមរបស់ខ្លួនបានត្រឹមជាប់ចំណាត់ថ្នាក់លេខ៣។ លោកថា ព្រោះលោកបានចូលប្រឡូកក្នុងវិស័យសិល្បៈនេះជិត២០ឆ្នាំហើយក៏ដូចជាការទទួលបានការបណ្តុះបណ្តាល និងការចូលរួម ក្នុងមហោស្រពជាបន្តបន្ទាប់ទើបធ្វើឱ្យលោកទទួលបានបទពិសោធន៍ច្រើន។

លោកថា៖ «វាមិនសមទេ ដែលក្រុមរបស់លោកបែរជាប់ចំណាត់ថ្នាក់មួយនេះ ដោយសារតែការប្រឡងនេះ លោកបានគិតគូរខ្លាំងណាស់ទាំងក្បាច់សម្លៀកបំពាក់ ការច្រៀង និងលក្ខណៈសម្ដែងដែលត្រូវទៅតាមទម្រង់នៃល្ខោនបាសាក់»

យ៉ាងណា លោកក៏បានបញ្ជាក់ដែរថា លោកមិនបានចោទប្រកាន់គណៈកម្មាការលម្អៀង ឬមិនមានភាពយុត្តិធម៌ ប៉ុន្តែគ្រាន់ចង់ឱ្យគណៈកម្មការបានពិនិត្យមើលលើចំណុចអវិជ្ជមាន និងខ្វះខាត មិនថាទៅលើសម្លៀកបំពាក់ បទចម្រៀង និងសាច់រឿងផ្សារភ្ជាប់ប្រធានបទ ដែលក្រុមជាប់ជ័យលាភីលេខ១ នោះបានបង្ហាញ។

យ៉៉ាងណាមិញ លោក ព្រំ រដ្ឋា ក៏បានលើកពីការមិនពេញចិត្តដែរ ដោយថាលោកមិនបានទាមទារចង់បានចំណាត់ល្អណាមួយឡើយ ប៉ុន្តែអ្វីដែលចង់បានគឺភាពសុក្រិតយុត្តិធម ព្រោះលោកជាសិល្បៈជំនាន់ក្រោយដែលដាក់ពាក្យមកប្រឡងគឺចង់បាននូវការកែតម្រូវ និងស្ថាបនាំ។

លោកថា៖ «ក្រុមលោកបានដាក់ពាក្យមកប្រឡងគឺចង់បានការកែតម្រូវពីគណៈកម្មការ ដើម្បីយកទៅកែលម្អ ប៉ុន្តែពេលប្រឡងចប់គឺស្ងាត់ ហើយចុងក្រោយប្រមូលប្របាច់កម្មវិធីទាំងមូលយកប្រកាសលទ្ធផលតែម្ដង»

ទាក់ទិននឹងករណីនេះ អ្នកដឹកនាំវង់ល្ខោនបាសាក់តំណាងខេត្តកណ្ដាល លោក អុល សំអាង និង តំណាងក្រុមខេត្តបន្ទាយមានជ័យ លោក ព្រំ រដ្ឋា បានរួមគ្នាធ្វើការស្នើសុំឱ្យគណៈកម្មការ ធ្វើការវិនិច្ឆ័យលទ្ធផលឡើងវិញ ដោយថាចង់បានតែភាពយុត្តិធម៌ និងសុក្រិត្យភាពប៉ុណ្ណោះ។

គួរឱ្យដឹងថា គិតមកទល់ពេលនេះ គឺពុំទាន់មានក្រសួង ឬស្ថាប័នពាក់ព័ន្ធណាមួយចេញធ្វើការបកស្រាយ ចំពោះការលើកឡើងរបស់ក្រុមវង់ល្ខោនទាំងពីរនោះទេ ខណៈមហាជនក៏កំពុងចង់ទទួលបានការពន្យល់ពីគណៈកម្មការផងដែរ។

កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ប្រារព្ធឡើងក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ត្រូវបានបិទបញ្ចប់ ក្រោយប្រារព្ធឡើងអស់រយៈពេល២ថ្ងៃ គឺថ្ងៃទី០៣ និងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានប្រារព្ធឡើងក្រោមវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើនមកពីតាមបណ្ដារាជធានី ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពខ្លួន លើវិធីសាស្ត្រនៃការដឹកនាំរឿង សិល្ប៍វិធីក្នុងការតាក់តែងនិពន្ធ ក៏ដូចជាសមត្ថភាពនៃការសម្ដែង។ ក្នុងនោះ ក្រុមល្ខោនបាសាក់ ១០ក្រុមបានដាក់ពាក្យប្រកួតប្រជែង ដែលមាន៥ក្រុម ត្រូវបានជ្រើសរើសឱ្យប្រកួតផ្ដាច់ព្រ័ត្រ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក