គ.ជ.ប៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យដឹងថា សាធារណជន អាចធ្វើការពិនិត្យបញ្ជីឈ្មោះ ក៏ដូចជាចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ និងការស្នើសុំកែតម្រូវបាននៅតាមបណ្ដាឃុំសង្កាត់ទូទាំងប្រទេសចាប់ពីថ្ងៃទី១០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ឱ្យដឹងថា លេខាធិការដ្ឋានរាជធានីខេត្ត រៀបចំការបោះឆ្នោត បានសហការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ (បញ្ជីបោះឆ្នោតចុងក្រោយ) និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងមួយចំនួនក្នុងឃុំសង្កាត់ទាំង ១៦៥២។
សេចក្ដីប្រកាសព័ត៌មានដដែល ឱ្យដឹងថា គោលបំណងក្នុងការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតនេះ ដើម្បីឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួច មកធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងដឹងពីទីតាំងការិយាល័យដែលត្រូវចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត។
ក្នុងនោះ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយកត់ត្រាមិនបានត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោតកន្លងមកទេ សាម៉ីខ្លួនអាចធ្វើការស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោតក្នុងកំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។
គួរឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ក៏បានបង្ហោះបញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត នៅលើគេហទំព័រ www.nec.gov.kh ក៏ដូចជាក្នុងកម្មវិធីទូរស័ព្ទដៃ (App) NEC KH ផងដែរ៕