
រដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម ឲ្យខុទ្ទកាល័យអតីត រដ្ឋមន្ត្រីកសិកម្ម ប្រគល់ត្រាក្រសួងដើម្បីគ្រប់គ្រងបណ្តោះអាសន្ន
ភ្នំពេញ៖ រដ្ឋមន្ត្រីស្ដីពីក្រសួងកសិកម្ម លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានណែនាំឲ្យខុទ្ទកាល័យអតីត រដ្ឋមន្ត្រីក្រសួងកសិកម្មប្រគល់ត្រារបស់ក្រសួងមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន ចាប់ពីពេលនេះ រហូតដល់រដ្ឋមន្រ្តីថ្មី ត្រូវបាន តែងតាំងចូលកាន់តំណែងជាផ្លូវការ។
ក្នុងសេចក្តីណែនាំចុះថ្ងៃទី៩ ខែតុលា លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានណែនាំ គ្រប់អង្គភាពទាំងអស់ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តអនុវត្តតាម មុខងារ និងភារកិច្ច ដែលត្រូវបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវថែរក្សា និងការពាររាល់ឯកសារការងារទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព តាមការកំណត់ន បទប្បញ្ញត្តិជាធរមាន។
លើសពីនេះលោកឧបនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យ ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីថែរក្សា និងការពារ ឯកសារទាំងអស់ឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមផ្ទេរប្រគល់ជូនខុទ្ទកាល័យរដ្ឋមន្រ្តីថ្មី ដែលនឹងត្រូវបានតែងតាំង និងចូលកាន់ដំណែងនាពេលខាងមុខ។
លោកបញ្ជាក់ថា៖ «ខុទ្ទកាល័យអតីត រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រគល់ត្រារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន ចាប់ពីពេលនេះ រហូតដល់រដ្ឋមន្រ្តីថ្មី ត្រូវបាន តែងតាំងចូលកាន់តំណែងជាផ្លូវការ»។
ចំពោះរាល់ឯកសារ ឬលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវការនូវការពិនិត្យ និងការសម្រេចរបស់រដ្ឋមន្ត្រីស្តីទី ខុទ្ទកាល័យ និងថ្នាក់ដឹកនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបញ្ជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រាល់ទំនាក់ទំនងការងារ ដើម្បីសុំការពិនិត្យសម្រេចរបស់រដ្ឋមន្ត្រីស្តីទី សូមទាក់ទងថ្នាក់ដឹកនាំ ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យលោក គីម សុភៈ ទូរស័ព្ទលេខ ០៧៧ ៨៨១ ១៦៨ អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យលោក នុប សុធនវិចិត្រ ទូរស័ព្ទលេខ ០១៧ ៧១១ ៧៨៨
និងជំនួយការឧបនាយករដ្ឋមន្ត្រី លោក បៀន សាំង ទូរស័ព្ទលេខ ០១២ ៨១៩ ៩៧៧។
គួរឲ្យដឹងដែរថា កាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ព្រះមហាក្សត្របញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្ទាប់ពីព្រះមហាក្សត្របានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ភ្លាមៗនាយករដ្ឋមន្ត្រីកម្ពុជាក៏បានចាត់តាំងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕