ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាពផ្លាស់ប្តូរការកំណត់ទីតាំងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ពីទីតាំងជនបទ ទៅជាទីតាំងប្រជុំជនវិញ ព្រមទាំងឯកភាពឱ្យកំណត់ជាទីតាំងប្រជុំជនវិញសម្រាប់ទីតាំងទាំងឡាយដែលប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅតាមការកំណត់របស់រាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចប្រញាប់បើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋដែលយល់ព្រមផ្លាស់ទីលំនៅតាមការកំណត់របស់រាជរដ្ឋាភិបាលដោយកំណត់ជាពលរដ្ឋក្រីក្រកម្រិត១ រស់នៅ «ទីប្រជុំជន» ដែលទទួលបានប្រាក់ឧបត្ថម្ភខ្ពស់ជាងពលរដ្ឋក្រីក្រកំរិត១ រស់នៅទីជនបទ។
នេះបើយោងតាមចំណាររបស់សម្ដេចតេជោ ឆ្លើយតបទៅលើលិខិតស្នើរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក វង សូត នៅថ្ងៃសៅរ៍ ទី៨ ខែតុលានេះ។
ក្នុងចំណារនោះ សម្ដេចតេជោ បានសរសេរថា៖ «អ្នកស្ម័គ្រចិត្តទៅរស់នៅទាំងរុនតាឯក ទាំងពាក់ស្នែងត្រូវ៖ ១-ទទួលប័ណ្ណក្រីក្រ១ ដូចគ្នាទាំងអស់ ២-យកអាត្រាឧបត្ថម្ភនៅក្នុងប្រជុំជនទាំងអស់ដូចគ្នា»។
យោងតាមការបញ្ជាក់របស់លោក វង សូត រដ្ឋមន្ត្រីសង្គមកិច្ច អត្រាឧបត្ថម្ភនៅក្នុងទីប្រជុំជនសម្រាប់គ្រួសារក្រីក្រកម្រិត១ មានតម្លៃ ១២ម៉ឺនរៀលក្នុង១ខែ នឹងមានបូកបន្ថែមទៅតាមទំហំសមាជិកគ្រួសារដែលមាន ៤ម៉ឺនរៀលក្នុងម្នាក់ ៤ម៉ឺនរៀលសម្រាប់កុមារអាយុពី ០-៥ឆ្នាំ ក្នុងម្នាក់ ៤ម៉ឺនរៀលសម្រាប់ជនមានពិការភាពក្នុងម្នាក់ ៤ម៉ឺនរៀលសម្រាប់មនុស្សចាស់ចាប់ពី ៦០ឆ្នាំឡើងទៅ និង៤ម៉ឺនរៀលសម្រាប់គ្រួសារមានអ្នកផ្ទុកមេរោគអេដស៍។
យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីសង្គមកិច្ច ចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ ខែតុលានេះ មាន គ្រួសារក្រីក្រទទួលបានបណ្ណក្រីក្រដែលបានផ្លាស់ទីលំនៅទៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានផ្ទៀងផ្ទាត់ និងបើកប្រាក់បានចំនួន ៣ ១៥៧គ្រួសារ ចំណាយអស់ទឹកប្រាក់សរុប ៦០២,៥៤៤,០០០រៀល ដែលស្មើនឹងប្រមាណ១៥ម៉ឺនដុល្លារអាមេរិក៕