លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

តើហេតុអ្វីបានជាលោក វេង សាខុន ត្រូវបញ្ចប់មុខតំណែង?

ភ្នំពេញ៖ លោក វេង សាខុន ត្រូវបានព្រះមហាក្សត្របញ្ចប់តំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ខណៈពេលលោកកំពុងតែវិលត្រឡប់មកកម្ពុជាក្រោយពីបញ្ចប់បេសកកម្មការងារនៅអឺរ៉ុប។

ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ មិនបានបញ្ជាក់ពីមូលហេតុនៃការដកមុខតំណែងលោក វេង សាខុន ឡើយ។ ប៉ុន្តែទំនងជាលោក វេង សាខុន ត្រូវបានធ្វើឲ្យនាយករដ្ឋមន្ត្រី និងថា្នក់ដឹកនាំផ្សេងទៀតឃ្នើសចិត្តនឹងការដឹកនាំរបស់អតីតរដ្ឋមន្ត្រីរូបនេះ។

មានរឿងមួយចំនួនដែលទាក់ទងនឹងការដឹកនាំរបស់លោក វេង សាខុន តាំងពីឆ្នាំ២០២១មក។

បញ្ហាសត្វពពែ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីកសិកម្មបកស្រាយរឿងមន្ត្រីកសិកម្ម ដែលបានចាប់សាច់ពពែរបស់ពលរដ្ឋ ដោយសម្ដេចតេជោថា ជារឿងមិនអាចទទួលយកបាន និងបង្ហាញការអាណិតចំពោះពលរដ្ឋដែលរងគ្រោះពីរឿងនេះផងដែរ។ សម្ដេចតេជោ បានបញ្ជាឲ្យពិនិត្យពីការរៀបចំច្បាប់លើរឿងនេះផងដែរ។

កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ បញ្ហាពាក់ព័ន្ធនឹងតោដែលមន្ត្រីបានដកហូតពីបុរសជនជាតិចិនម្នាក់នៅភ្នំពេញ។ ពេលនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យបុរសជនជាតិចិនអាចយកសត្វតោរបស់ខ្លួនមកចិញ្ចឹមនៅផ្ទះវិញ។

រឿងចុងក្រោយដែលធ្វើឱ្យមានបញ្ហាខ្លាំងបំផុតគឺទាក់ទងជាមួយនឹងការមិនអនុញ្ញាតឲ្យមានការនាំចូលសត្វជ្រូកពីក្រៅប្រទេស ដែលនៅពេលនោះគឺមានការឆ្លើយឆ្លងគ្នារវាងរដ្ឋមន្ត្រីពីរគឺរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ផ្ទាល់តែម្ដង។ នៅពេលនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានចេញបញ្ជាដោយផ្ទាល់ឲ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចចាត់ចែងលើរឿងនេះ ខណៈបានស្ដីបន្ទោសលោក វេង សាខុន ផងដែរ។

នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានចង្អុលមុខស្តីបន្ទោសខ្លាំងៗដល់លោក វេង សាខុន តែម្ដងថា ជារដ្ឋមន្ត្រីមិនចេះសហការជាមួយរដ្ឋមន្ត្រីផ្សេងទៀត។

សម្ដេចថា៖ «គេប្រជុំតែលោកឯងមិនទៅ! មិនមែនតែលោកឯងដឹកនាំក្រសួងកសិកម្មត្រួតសេដ្ឋកិច្ចខ្មែរទាំងមូលឯណា? […] របៀបធ្វើការរបស់ឯកឧត្តមជារបៀបជិះសេះមើលផ្កា»។

ពេលនោះសម្ដេចតេជោក៏ព្រមានដែរថាសម្ដេចប្រើពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ដើម្បីដករដ្ឋមន្ត្រីណាមួយចេញពីតំណែង៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក