ភ្នំពេញ៖ «អ្នករិះគន់រឿងខ្ញុំសរសេរកំសាន្ត ពិតជាអ្នកខ្ជិលអានអ្វីដែលខ្ញុំសរសេរនៅលើអាខោនខ្ញុំហើយ។ គួរឧស្សាហ៍បន្តិចទៅ»។ នេះជាសំណេររបស់លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរឆ្លើយតបទៅអ្នកដែលថាឲ្យលោកចូលចិត្តសរសេរ និងបង្ហោះរូបភាពបែបកម្សាន្តលេងនៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោក។
លោក ខៀវ កញារីទ្ធ បានបញ្ជាក់ថា គណនីហ្វេសប៊ុករបស់លោកបច្ចុប្បន្នប្រើប្រាស់សម្រាប់ទាក់ទងមិត្តភក្តិផង សម្រាប់កម្សាន្តលេងផង និងសម្រាប់ផ្លាស់ប្តូរព័ត៌មានទាំងមានប្រយោជន៍ និងអត់ប្រយោជន៍ផង។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានរៀបរាប់ដូច្នេះថា៖ «ខ្ញុំសរសេរថា អាខោនខ្ញុំសំរាប់ទាក់ទងមិត្តភក្តិ សាកសួរសុខទុក្ខគ្នា លេងសើចសប្បាយជាមួយគ្នា ផ្លាស់ប្តូរព័ត៌មាន (ទាំងព័ត៌មានមានប្រយោជន៍ និង ទាំងព័ត៌មានអត់ប្រយោជន៍ ) ហើយហាមប្រើសម្តីអសុរស ហាមប្រមាថ ហាមបូសក្លៀក ( No arrogances) ។ ហើយមួយចំនួនចូលមកផ្ទះខ្ញុំដោយមិនបានទទួលការអញ្ជើញផងទេ»។
គូសបញ្ជាក់ថា លោក ខៀវ កញារីទ្ធ បច្ចុប្បន្នប្រើប្រាស់គណនីហ្វេសប៊ុកចំនួន២ ពោលមួយឈ្មោះ Kanharith Khieu និងគណនីហ្វេសប៊ុកមួយទៀតឈ្មោះថា Kanharith។
ក្នុងគណនីហ្វេសប៊ុករបស់លោក ភាគច្រើនចែករំលែកព័ត៌មានសំខាន់ៗនានាដែលកើតឡើងនៅកម្ពុជា និងក្រៅប្រទេស ជាពិសេសលោកចូលចិត្តបង្ហោះសំណេរបែបកំប្លែង បង្ហាញពីសកម្មភាពការងារ និងជីវិតផ្ទាល់ខ្លួនរបស់លោក។
រាល់សារបែបកំប្លែងដែលលោករដ្ឋមន្ត្រីបង្ហោះម្តងៗគឺភាគច្រើនមានអ្នកបញ្ចេញមតិថាចូលចិត្តលោករដ្ឋមន្ត្រីដែលតែងតែផ្តល់ភាពសប្បាយរីករាយ រួមទាំងផ្តល់ជាព័ត៌មានដល់ពលរដ្ឋផងដែរ៕