ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានមនុស្សបីនាក់បានស្លាប់ភ្លាមៗនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញធុនធ្ងន់បើកបុករថយន្ត PRIUS ពេញទំហឹងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២២ នៅត្រង់កំណាត់ផ្លូវប្រសប់ហៃវេស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក PRIUS ពណ៍ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AW-6316 ធ្វើដំណើរជិះគ្នាបីនាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខណៈដែលកំពុងបើកឆ្លងផ្លូវ ភ្លាមនោះក៏ស្រាប់តែមានរថយន្តដឹកទំនិញធុនធ្ងន់ (ដឹកថ្ម) មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3G-1109 បើកបរដោយបុរសមិនស្គាល់ឈ្មោះ ក្នុងល្បឿនយ៉ាងលឿនជ្រុលមកបុកពេញទំហឹងអូសជិត ១០០ម៉ែត្រ បណ្តាលអោយអ្នកបើកបរនិងរួមដំណើរសរុបចំនួន ៣នាក់ស្លាប់ភ្លាមៗចំណែករថយន្តខូចខាតយ៉ាងដំណំតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពត្រូវបានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕