ភ្នំពេញ៖ រដ្ឋមន្រ្តីឧត្តមសិក្សា វិទ្យាសាស្ត្រស្រាវជ្រាវ និងនវានុវត្តន៍ប្រទេសថៃ លោក អនេក ឡោថាំម៉ាថាត់ បានជម្រាបជូននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាប្រទេសថៃចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យអប់រំដោយនឹងផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់និស្សិតកម្ពុជា និងអនុញ្ញាតឱ្យអ្នកស្រាវជ្រាវកម្ពុជាទៅធ្វើការស្រាវជ្រាវនៅប្រទេសខ្លួនផងដែរ។
ថ្លែងក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាពព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ លោក អនេក ឡោថាំម៉ាថាត់ បានលើកឡើងថា ប្រទេសថៃនឹងបើកផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិត និងអនុបណ្ឌិតលើវិស័យវិទ្យាសាស្ត្រ បច្ចេកទេសនៅសាកលវិទ្យាល័យល្បីៗនៅព្រះរាជាណាចក្រថៃ រួមទាំងអនុញ្ញាតដល់អ្នកស្រាវជ្រាវកម្ពុជាទៅចូលរួមសិក្សាស្រាវជ្រាវលើវិស័យតារាសាស្ត្រ ជីវសាស្ត្រ សុខាភិបាល និងវិស័យដទៃផងដែរ។
ជំនួយការនាយករដ្ឋមន្ត្រីលោក អ៊ាង សុផល្លែត បានប្រាប់អ្នកយកព័ត៌មានថា៖ «ជាងនោះទៅទៀតឯកឧត្តម អនេក បានគោរពអញ្ជើញប្រតិភូកម្ពុជាដើម្បីទៅធ្វើទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសលើវិស័យអប់រំ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្ដល់អាហារូបករណ៍ និងកិច្ចសហប្រតិបត្តិការណ៍លើការសិក្សាស្រាវជ្រាវ។ សម្ដេចបានស្នើដល់រដ្ឋមន្ត្រីឧត្តមសិក្សាថៃឱ្យបន្តពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យបានល្អនឹងស៊ីជម្រៅ។
ក្នុងជំនួបនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យក្រសួងឧស្សាហកម្ម សិប្បកម្ម និងនាវានុវត្ត ទៅធ្វើទស្សនកិច្ចតាមការអញ្ជើញរបស់លោក អនេក ឡោថាំម៉ាថាត់ ផងដែរ៕