ភ្នំពេញ៖ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងទឹកស្ទឹងសែន ខេត្តកំពង់ធំ ជិតដល់កម្រិតដែលត្រូវប្រកាសអាសន្ន ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នានៅប៉ុន្មានថ្ងៃកន្លងទៅនេះ។
ស្ថានភាពទឹកស្ទឹងពោធិ៍សាត់គិតត្រឹមបច្ចុប្បន្នមានកម្ពស់ ៥,០៣ម៉ែត្រ ដែលហួសកម្រិតដែលត្រូវប្រកាសអាសន្ន ពោលគឺ ៥ម៉ែត្រ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ការហក់ឡើងទឹកស្ទឹងពោធិ៍សាត់បែបនេះ ដោយសារមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ ក្នុងកម្រិតខ្ពស់ ធ្លាក់មកលើដងស្ទឹងពោធិ៍សាត់។
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់បញ្ជាក់ថា បើភ្លៀងនៅតែបន្តធ្លាក់ នឹងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់មានសន្ទុះកើនឡើងដែលអាចបង្កឲ្យមានទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
អាស្រ័យហេតុនេះ មន្ទីរធនធានទឹកខេត្តអំពាវនាវឲ្យពលរដ្ឋរស់នៅតាមដងស្ទឹងនានា បង្កើនការយកចិត្តទុកដាក់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។ ជាមួយគ្នានេះ អាជ្ញាធរគ្រប់មូលដ្ឋានត្រូវត្រៀមទីទួលសុវត្ថិភាពសម្រាប់ជម្លៀសពលរដ្ឋដែលរងគ្រោះ។
មិនថាតែពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ពលរដ្ឋរស់នៅដងស្ទឹង ក្នុងស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកបារារាយណ៍ ស្រុកស្ទោង និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏ត្រូវប្រុងប្រយ័ត្នដែរ ពីព្រោះកម្ពស់ទឹកស្ទឹងសែនបានហក់ឡើងជិតដល់កម្រិតត្រូវប្រកាសអាសន្នគឺ ១៤ម៉ែត្រ។
រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា អាច ៣ ទៅ ៧ថ្ងៃទៀតស្ថានភាពទឹកស្ទឹងសែននឹងបន្តហក់ឡើងដល់ ១៤,៣០ម៉ែត្រដែលជាកម្រិតប្រកាសអាសន្ន ដែលអាចកើតមានជំនន់ទឹកភ្លៀងផងដែរ៕