ស្ថានីយទូរទស្សន៍ចំនួន៤ ត្រូវបានទទួលសិទ្ធផ្ដាច់មុខដើម្បីផ្សាយផ្ទាល់ក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022
ភ្នំពេញ៖ ក្រសួងព័ត៌មាន ឱ្យដឹងថា ស្ថានីយទូរទស្សន៍ចំនួន៤ នឹងទទួលបានសិទ្ធិក្នុងការផ្សាយបន្តផ្ទាល់និងតាមប្រព័ន្ធអ៊ីនធើណែតពីព្រឹត្តិការណ៍ FIFA World Cup Qatar 2022។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា ក្រុមហ៊ុន Cambodia Broadcasting Service Co,Ltd (CBS) ក្នុងនោះមានស្ថានីយទូរទស្សន៍ CTN, MyTV, CNC និង CBS, Digital នឹងត្រូវបានទទួលសិទ្ធិផ្ដាច់មុខសម្រាប់កម្មវិធីផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup Qatar 2022។
ក្នុងនោះ ក្រសួងឱ្យដឹងបន្ថែមថា មានតែស្ថានីយទូរទស្សន៍ចំនួន៤ ខាងលើតែប៉ុណ្ណោះដែលមានសិទ្ធិធ្វើការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ FIFA World Cup Qatar 2022 តាមកញ្ចក់ទូរទស្សន៍ (Television Right) និងការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើណេត (Broadcasting Broadband Transmission Right) នៅក្នុងប្រទេសកម្ពុជា។
យ៉ាងណាមិញ ក្រសួងព័ត៌មានបានបញ្ជាក់ថា ការមិនអនុញ្ញាតឱ្យស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ ក៏ដូចជាអង្គភាពផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធើណេតទាំងអស់ធ្វើការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup Qatar 2022នេះ គឺដើម្បីគោរពកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន CBS។ ប៉ុន្តែនឹងមានករនីលើកលែងប្រសិនបើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយបានទទួលសិទ្ធិស្របច្បាប់ពីម្ចាស់ដើម។
គួរឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup Qatar 2022 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕