ភ្នំពេញ៖ នាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវការគិតគូរនិងទិសដៅសំខាន់ៗចំនួន ៧ចំណុចក្នុងការស្តារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាដោយស្របតាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣។
ថ្លែងក្នុងសន្និសីទចក្ខុវិស័យរបស់ប្រទេសកម្ពុជាឆ្នាំ២០២២ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវការគិតគូរសំខាន់ៗចំនួន ៧ចំណុច ដើម្បីនឹងផ្ដល់អាទិភាពដល់ការកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ ដូចបានកំណត់ក្នុង «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣»។
គួរឱ្យដឹងថា គំនិតនិងទិសដៅសំខាន់របស់រាជរដ្ឋាភិបាលចំនួន ៧ចំនុចនោះដូចជាការបន្ថែមពីលើការចាក់វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលនឹងជំរុញការវិនិយោគលើវិស័យសុខាភិបាល ដើម្បីរៀបចំប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ។ ការបន្តពង្រឹងប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គមនិងពង្រីកវិសាលភាពគ្របសណ្ដប់ឱ្យកាន់តែចំទិសដៅ ជាពិសេសតាមរយៈការជំរុញ និងលើកទឹកចិត្តឱ្យប្រជាជន ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានកិច្ចគាំពារផ្សេងៗ។
មួយវិញទៀត គឺការអភិវឌ្ឍធនធានមនុស្ស ទាំងចំណេះដឹងនិងជំនាញ ដោយត្រូវធ្វើការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្មនិងមានជំនាញទាប ឱ្យទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញនិងបច្ចេកវិទ្យា។
ជាមួយគ្នានេះ គឺការកំណត់យកការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមជាអាទិភាពចម្បងមួយ តាមរយៈការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ ក៏ដូចជាការកែសម្រួលបរិយាកាសធុរកិច្ច និងការលើកទឹកចិត្តឱ្យមានការចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធជាដើម។
យ៉ាងណាមិញ កម្ពុជាត្រូវចាប់យកឱ្យបាននូវកាលានុវត្តភាពដ៏ធំធេង តាមរយៈការជំរុញការអនុវត្តឱ្យបានល្អប្រសើរនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត។
ក្នុងនោះ ត្រូវបន្តការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ តាមរយៈការគាំទ្រការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញការធ្វើអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម។
ជាចុងក្រោយ គឺការបន្តពង្រឹងស្ថិរភាព ការដាក់បញ្ចូលរួមគ្នានូវវិស័យហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូលប្រកបដោយភាពធន់ និងការដាក់បញ្ជូលនូវសមាសភាគតែមួយរួមគ្នា ដោយមានការចូលរួមពីវិស័យឯកជន ដែលវាជាកត្តាមួយសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត។