ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត និងដាក់ឱ្យដំណើរការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា»។ សម្ដេចក៏បានបញ្ជាក់ឱ្យកំណត់អ្នកទទួលផលឱ្យទទួលប្រយោជន៍ពីកម្មវិធីនេះផងដែរ។
ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី៥ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ចជូនក្រសួងផែនការ ដើម្បីដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការរៀបចំ និងកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។
សម្ដេចបញ្ជាក់ថា៖ «ក្រសួងផែនការមានមន្ទីរផែនការរាជធានី ខេត្ត ជាសេនាធិការ សម្រាប់ការដឹកនាំ សម្របសម្រួល និងគាំទ្រកិច្ចដំណើរការអត្តសញ្ញាណកម្មគ្រួសារងាយរង ហានិភ័យ ដោយសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ»។
ក្រៅពីនេះក្រសួងផែនការ ត្រូវដើម្បីដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការរៀបចំ និងកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដោយសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។
ចំពោះការបើកផ្ដល់នាយករដ្ឋមន្ត្រីប្រគល់ភារកិច្ចដល់មូលនិធិជាតិជំនួយសង្គម ទទួលបន្ទុកជាប្រតិបត្តិករ ក្នុងការគ្រប់គ្រង និងចាត់ចែងការបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យ ដោយប្រើប្រាស់យន្តការកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានស្រាប់ ក្រោមកិច្ចសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។
សម្ដេចថា៖ «រាល់ចំណាយលើការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ត្រូវផ្តល់ហិរញ្ញប្បទានដោយថវិការដ្ឋ តាមរយៈមូលនិធិហិរញ្ញប្បទានគាំពារសង្គម ស្របតាមនីតិវិធីជាធរមាន»។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចដាក់អ្នកដែលផលប៉ះពាល់ពីការធ្លាក់ចុះអតិផរណាឲ្យទទួលបានការគាំពារសង្គម។
សម្ដេចតេជោថា៖ «ត្រឹមពីរបីម៉ឺន ឬបួនប្រាំម៉ឺនគ្រួសារទៀត ឥឡូវយើងចិញ្ចឹមមួយខែប្រហែលជា ៤០លាន អត់អីទេ! យើងនៅតែបន្ត។ អ្នកណាថារដ្ឋាភិបាល ហ៊ុន សែន អត់លុយ ថាទៅអ្នកឯងថាតើ។ តែប្រជាពលរដ្ឋអ្នកទទួលបានលុយពិតប្រាកដ»៕