លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

គុយបាជាប្រទេសផលិតឱសថនិងវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់តម្រូវការសកល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz កាលពីយប់ថ្ងៃទី៤ ខែតុលា បានជំរុញឱ្យប្រទេសគុយបាធ្វើកិច្ចសហការលើវិស័យសុខាភិបាលជាមួយកម្ពុជា។ នេះមិនមែនជាលើកទី១ទេ ជាក់ស្ដែងក្នុងពេលដែលសម្ដេចតេជោធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសគុយបាកាលពីចុងខែកញ្ញា សម្ដេចក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្វើការទំនាក់ទំនងជាមួយនឹងមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យាប្រទេសគុយបា ដើម្បីសហការនាំចូល ឬផលិតវ៉ាក់សាំងការពារជំងឺមហារីកនិងទឹកនោមផ្អែមមកកាន់កម្ពុជាផងដែរ។

តើវិស័យសុខាភិបាលគុយបាមានគុណភាពបែបណាទើបនាយករដ្ឋមន្ត្រីកម្ពុជាចង់ជំរុញឱ្យមានកិច្ចសហការបែបនេះ?

តាមការចុះផ្សាយរបស់ Cubaheal សាធារណរដ្ឋគុយបា បានផលិតនូវឱសថនិងវ៉ាក់សាំងសំខាន់ៗមួយចំនួនដែលមានប្រសិទ្ធភាពខ្ពស់និងជាតម្រូវការចាំបាច់របស់សកលលោកដូចជា ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម វ៉ាក់សាំងបង្ការជំងឺមហារីកសួត និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម។

អត្ថបទដែលមានចំណងជើង «អំណោយវេជ្ជសាស្ត្ររបស់គុយបាទៅកាន់ពិភពលោក» (CUBA MEDICAL’s GIFT TO THE WORLD) ចុះកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ឱ្យដឹងថា ឧស្សាហកម្មជីវបច្ចេកវិទ្យារបស់សាធារណរដ្ឋគុយបាត្រូវបានគេស្គាល់នៅទូទាំងពិភពលោក។ ក្នុងនោះ អ្នកវិទ្យាសាស្ត្រជំនាញបានបង្កើតនៅបរិក្ខារដែលមានប្រសិទ្ធភាពខ្ពស់ដូចជា វ៉ាក់សាំងរបស់មនុស្សនិងសត្វ ជីវផលិតផល ឱសថ និងសម្ភារៈសម្រាប់ធ្វើរោគវិនិច្ឆ័យជាដើម។ តាមរយៈនេះ «ពិភពលោកបានដាក់គុយបាជាប្រទេសកំពុងអភិវឌ្ឍន៍មួយរួមជាមួយនឹងប្រទេសឥណ្ឌា និងប្រេស៊ីល ដើម្បីស្វែងរកបន្ថែមនូវភាពជឿនលឿនក្នុងវិស័យនេះ»។

តាមរយៈ Bio Cuba Pharma Business Group ជា ក្រុមហ៊ុនមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលទទួលខុសត្រូវក្នុងការដឹកនាំឧស្សាហកម្មជីវបច្ចេកវិទ្យានិងឱសថ បានធ្វើឱ្យផលិតផលមួយចំនួនត្រូវបានចុះបញ្ជី និងនាំចេញទៅកាន់ប្រទេសជាង៥០ ក៏ដូចជាបានចុះអាជ្ញាប័ណ្ណចំនួន ១ ៨០០ នៅក្រៅប្រទេស ដែលប្រទេសនេះអាចទទួលបានប្រាក់ចំណូលប្រចាំឆ្នាំលើសពី ២ពាន់លានដុល្លារអាមេរិក។

យ៉ាងណាមិញ សម្រាប់វ៉ាក់សាំង និងឱសថដែលប្រទេសនេះបានបង្កើតនិងផលិតដោយផ្ទាល់មានដូចជា ឱសថព្យាបាលជំងឺទឹកនោមផ្អែម Heberprot-P ជាប្រភេទតែមួយគត់នៅក្នុងពិភពលោក ដែលអាចកាត់បន្ថយការកាត់ផ្តាច់ដោយដំបៅជើងទឹកនោមផ្អែមរបស់អ្នកជំងឺច្រើនជាង៤ដង។

មួយវិញទៀតគឺ វ៉ាក់សាំងបង្ការជំងឺមហារីកសួត CimaVax-EGF នឹងជួយ ព្យាបាលក៏ដូចជាបន្ថយល្បឿននៃការលូតលាស់របស់កោសិកាមហារីក ដែលតាមរយៈនេះវាអាចនឹងពន្យារអាយុជីវិតរបស់មនុស្ស។ ក្នុងនោះ អ្នកវិទ្យាសាស្ត្របញ្ជាក់យ៉ាងច្បាស់ថា «វាមិនមែនជាវ៉ាក់សាំងការពារតែមួយមុខនោះទេ ប៉ុន្តែវាត្រូវបានគេយកទៅប្រើចំពោះអ្នកដែលមានហានិភ័យខ្ពស់នៃការទទួលរងពីជំងឺនេះផងដែរ»។

ចំណែកឯ ឱសថ POLICOSANOL (PPG) ត្រូវបានគេប្រើជាចម្បងដើម្បីបញ្ចុះកូឡេស្តេរ៉ុល។ លើសពីនេះ អ្នកខ្លះប្រើប្រាស់វាដោយសារ ពួកគេចាត់ទុកថាវាធ្វើឱ្យប្រដាប់ភេទរបស់បុរសមានភាពរស់រវើក។ យ៉ាងណា ផលិតផលឱសថ PPG នេះត្រូវបានធ្វើការនាំចេញនិងយកទៅប្រើប្រាស់ច្រើនជាងគេដោយប្រទេស វេណេហ្ស៊ុយអេឡា ក៏ដូចជាធ្វើទីផ្សារនៅក្នុងប្រទេសស៊ែប៊ី ប្រទេសស្លូវ៉ាគី និងអេស្ប៉ាញជាដើម។

ជាការកត់សម្គាល់ ប្រទេសនេះបានបង្កើតនិងផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាចំនួន ៥ ប្រភេទ ។ ក្នុងនោះ វ៉ាក់សាំងចំនួនបីគឺ Soberana 1, Soberana 2 និង Soberna Plus ត្រូវបានបង្កើតឡើងនៅវិទ្យាស្ថាន Finlay ក្នុងទីក្រុង Havana។ រីឯវ៉ាក់សាំងចំនួនពីរប្រភេទទៀតគឺ Abdala និង Mambisa ត្រូវបានផលិត ចេញពីមជ្ឈមណ្ឌលវិស្វកម្មហ្សែន និងជីវបច្ចេកវិទ្យារបស់ប្រទេសគុយបា។

គួរឱ្យដឹងថា Soberana 2, Soberana Plus និង Abdala ត្រូវបានអនុញ្ញាតដោយអាជ្ញាធរគុយបាសម្រាប់ការប្រើប្រាស់ និងធ្វើការនាំចេញខណៈពីរប្រភេទផ្សេងទៀតកំពុងស្ថិតក្នុងការសាកល្បងព្យាបាលនៅឡើយ និងពុំទាន់ត្រូវបានអនុញ្ញាតដោយអង្គការសុខភាពពិភពលោកនោះទេ។ ប៉ុន្តែពួកគេបានអនុញ្ញាតឱ្យគុយបាបង្កើនការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានខ្ពស់បំផុតមួយក្នុងពិភពលោក។

គួរឱ្យដឹងបន្ថែមថា គិតត្រឹមចុងខែមករា ឆ្នាំ២០២២នេះ មនុស្សជាង ៨៥% នៃប្រជាជនសរុប បានទទួលការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩នេះ ដែលជាអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ជាងសហរដ្ឋអាមេរិក។ ក្នុងនោះ ប្រទេសគុយបា បានឈរលើកំពូលប្រទេសទាំងអស់នៅអឺរ៉ុប លើកលែងតែព័រទុយហ្គាល់។

គួរបញ្ជាក់ថា ភាពជោគជ័យរបស់ប្រទេសគុយបាក្នុងការផលិត និងអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានធ្វើឱ្យក្រុមហ៊ុនឱសថធំៗមួយចំនួនរបស់ពិភពលោកមានការភ្ញាក់ផ្អើល ខណៈប្រទេសសង្គមនិយមមួយនេះបានជួបវិបត្តិសេដ្ឋកិច្ច និងសង្គមដែលក្នុងនោះក៏មានការប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងរូបិយបណ្ណបរទេសដែលបង្កឱ្យមានការតវ៉ានៅតាមដងផ្លូវធំៗជាដើម។

មួយវិញទៀតការរីករាលដាលនៃជំងឺរាតត្បាតបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចដោយបង្អាក់នូវប្រភពចំណូលដ៏ធំបំផុតមួយរបស់ប្រទេសនេះគឺវិស័យទេសចរណ៍៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក