ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាលោក គុណ ញឹម បង្ហើបថា នៅថ្ងៃខាងមុខគយគ្រោងដាក់ម៉ាស៊ីនតាមផ្លូវសម្រាប់ឆែកលតប័ត (វីញ៉ែត) លើកញ្ចក់រថយន្តដើម្បីងាយស្រួលដឹងថារថយន្តណាបានបង់ពន្ធត្រឹមត្រូវ ឬរថយន្តណាមានពន្ធក្លែងក្លាយ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការប្រមូលពន្ធអាករមានស្រាប់ក្នុងប្រទេស នាព្រឹកថ្ងៃទី០៥ ខែតុលា លោក គុណ ញឹម បានថ្លែងដូច្នេះថា៖ «ឆាប់ៗនេះ យើងមានគម្រោងកែប្រែវីញ៉ែតថ្មី ដោយយើងបង្កប់ RFID នៅក្នុងសន្លឹកវីញ៉ែតដែលបិទលើកញ្ចក់រថយន្តតែម្តង។ ការបង្កប់អេឡិកត្រូនិចថ្មីនេះ វាងាយស្រួលក្នុងការធ្វើអនុលោមភាព»។
បើតាមលោក គុណ ញឹម ម៉ាស៊ីនសម្រាប់ឆែកវីញ៉ែតដែលគ្រោងដំឡើងនៅថ្ងៃអនាគត អាចនឹងចាប់បានព័ត៌មានពីរថយន្តក្នុងរយៈចម្ងាយពី ២ម៉ែត្រ ទៅ ៣ម៉ែត្រ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា បើកាលណាម៉ាស៊ីននោះឆែកឃើញថារថយន្តនោះមានវីញ៉ែតត្រឹមត្រូវ នោះម៉ាស៊ីននឹងអានលេខរបស់រថយន្តដែលមានកត់ត្រាក្នុងប្រព័ន្ធ ប៉ុន្តែប្រសិនវីញ៉ែតក្លែងក្លាយ នោះម៉ាស៊ីនមិនអានព័ត៌មានរបស់រថយន្តនោះឡើយ។
លោកបន្តថ្លែងដូច្នេះថា៖ «យើងឈានដល់ការប្រើប្រព័ន្ធអាយធី ក្នុងការគ្រប់គ្រងដោយងាយស្រួលផង និងពង្រឹងការគ្រប់គ្រងយ៉ាងជិតស្និទ្នផង ពោលគឺកាន់តែល្អប្រសើរជាងមុន»៕