រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

បំណែកចម្លាក់ក្បាលនាគក្នុងរចនាបថបាយ័នមួយត្រូវបានប្រទះឃើញកប់នៅក្នុងដី

សៀមរាប៖ បំណែកចម្លាក់ក្បាលនាគក្នុងរចនាបថបាយ័នធ្វើពីថ្មភក់មួយ ត្រូវបានប្រទះឃើញកប់នៅក្នុងដីដោយផុសឡើងតាមឫសឈើ ក្រោយដើមឈើធំមួយដើមក្នុងបរិវេណអតីតរាជធានីអង្គរធំបានដួលរលំ។

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានការប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន ក្រោយពេលដើមស្រឡៅធំមួយដើមបានដួលរលំបណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំបានផុសឡើងតាមឬសឈើ ដែលស្ថិតក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។

ក្នុងនោះ ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា លោក ឈូក សុម៉ាឡា ឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ។ លោកថា ជាក់ស្តែងដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗនោះទេ ប៉ុន្តែដោយសារមានភ្លៀងធ្លាក់ជោគជាំ ធ្វើឱ្យដីជ្រាយ ទើបបណ្ដាលឱ្យមានការដួលរលំ និងផុសក្បាលនាគដែលឬសឈើដុះចាក់ស្រេះតែម្តង។

លោក ឈូក សុម៉ាឡា ឱ្យដឹងបន្ថែមថា បំណែកក្បាលនាគនេះ នៅសល់ត្រឹមតែបំណែកចាប់ពីកនាគមកក្បាលខាងលើ ដែលមានបណ្ដោយ ១.២ម៉ែត្រ ទទឹង ១ម៉ែត្រប៉ុណ្ណោះ។ លោកបន្តថា វាគឺជាបំណែកសត្វគ្រុឌជិះលើក្បាលនាគ ដោយស្ថានភាពមុខនាគខាងមុខមានការខូចខាតស្ទើរតែទាំងស្រុង ដោយបាក់បែកមុខនាគ និងជុំវិញសងខាង។ រីឯសត្វគ្រុឌវិញ ត្រូវបានបាក់ច្រមុះ និងដៃផ្នែកនៅខាងលើ រួមទាំងផ្នែកខ្លះនៃក្បាល។

យ៉ាងណាមិញ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានសន្និដ្ឋានថា បំណែកក្បាលនាគនេះអាចយកចេញពីប្រាសាទបាយ័ន ប៉ុន្តែលោកមិនអាចបញ្ជាក់ពីទីតាំង ពេលវេលា និងគោលបំណងក្នុងការយកមកទីតាំងនេះទេ។

ជាមួយគ្នានោះ លោកបន្ថែមថា ភាគច្រើនរូបចម្លាក់បែបនេះគឺជារចនាបថបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដែលទ្រង់បានយកនាគ និងគ្រុឌដែលជាសត្រូវនឹងគ្នាមកបញ្ចូលក្នុងសិល្បៈតែមួយ។

ក្នុងនោះ លោកបានបញ្ជាក់ថា ការណ៍នេះអាចថា ព្រះអង្គចង់បង្ហាញពីទស្សននៃការបង្រួបបង្រួមសាសនារវាងព្រហ្មណ៍សាសនា និងព្រះពុទ្ធសាសនា ទើបទ្រង់បញ្ជាឱ្យស្ថាបត្យករធ្វើការបញ្ចូលនាគ និងគ្រុឌជាមួយគ្នា ហើយដាក់បង្ហាញលើសំណង់នានារបស់ទ្រង់។

គួរបញ្ជាក់ថា ដើម្បីរក្សាសុវត្ថិភាពនូវបំណែកក្បាលនាគនេះ អាជ្ញាធរជាតិអប្សរាបាន សហការជាមួយនគរបាលការពារបេតិកភណ្ឌ និងភ្នាក់ងារទេសចរណ៍ ដើម្បីធ្វើកំណត់ហេតុ ប្រគល់ទទួលបំណែកចម្លាក់ខាងលើ យកទៅរក្សាទុកនៅសារមន្ទីរព្រះ នរោត្តម សីហនុ-អង្គរ ដើម្បីចុះបញ្ជីទុកជាឯកសារ លាងសម្អាតរក្សាទុកទៅតាមបច្ចេកទេស និងស្វែងរកទិន្នន័យផ្សេងទៀតផងទាក់ទងនឹងបំណែកក្បាលនាគនេះ ដើម្បីងាយស្រួលយកវាទៅដាក់នៅទីតាំងដើមវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក