ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជាស្នើឱ្យគុយបាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា ស្នើដល់នាយករដ្ឋមន្រ្តីគុយបាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើន។

ក្នុងកិច្ចចូលជួបសម្ដែងការគួរសម របស់នាយករដ្ឋមន្រ្តីគុយបា កាលពីព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២នេះ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានស្នើឱ្យនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz)

ជួយជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទំាងពីរដែលនៅមានកម្រិត ឱ្យកាន់តែមានភាពប្រសើរនិងរីកចម្រើនឡើង។

សម្តេចមានប្រសាសន៍ថា៖ «វត្តមានរបស់នាយករដ្ឋមន្រ្តីគុយបា នាពេលនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការជំរុញសន្ទុះកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ឱ្យបានកាន់តែប្រសើរថែមមួយកំរិតទៀត ស្របតាមបរិបទតំបន់ និងសកលលោកបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស»។

ក្នុងឱកាសនេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏បានថ្លែងអំណរគុណដល់ សម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់កិត្តិយស ក្នុងការចូលជួបសម្តែងការគួរសមនាព្រឹកនេះ។

ក្នុងនោះ លោកក៏បានលើកឡើងដែរថា លោកតែងតែអាននិងតាមដានពីវីរភាពរបស់ សម្តេចក្នុងការចូលរួមរំដោះនិងកសាង អភិវឌ្ឍន៍ប្រទេសជាតិរហូតមក។

យ៉ាងណាមិញ នាយករដ្ឋមន្រ្តីគុយបារូបនេះ បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចកន្លងទៅរបស់ នាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសគុយបា និងដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទំាងពីរ កាន់តែមានភាពរីកចម្រើន។

ជាមួយគ្នានេះ លោកក៏បាន ពាំនាំនូវលិខិតអញ្ជើញរបស់ប្រធានរដ្ឋសភាគុយបា ដើម្បីគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅគុយបាផងដែរ។

ជាការឆ្លើយតប សម្តេច ហេង សំរិន បានទទួលយកការគោរពអញ្ជើញរបស់ ប្រធានរដ្ឋសភាគុយបា ដោយសន្យាថា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសគុយបា ក្នុងពេលវេលាសមស្របណាមួយ។

ក្នុងនោះ សម្តេចពញាចក្រី ហេង សំរិន បានឱ្យដឹងបន្ថែមថា សាធារណរដ្ឋគុយបា គឺជាមិត្តដ៏ល្អរបស់កម្ពុជា។ សម្ដេចថា គុយបាតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសកាលពីពេលដែលកម្ពុជា ទើបរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩។

សម្ដេចឱ្យដឹងថា គុយបាបានផ្តល់ជំនួយបន្ទាន់ផ្នែកសង្គមកិច្ច សុខាភិបាល និងអប់រំ ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា ក្នុងគ្រាក្រលំបាក ស្របតាមសុភាសិតខ្មែរ «មិត្តល្អជួយគ្នា ក្នុងគ្រាក្រ»។

ជាចុងក្រោយ សម្ដេចបានបង្ហាញការ គាំទ្រនិងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋគុយបាកាលពីសបា្តហ៍មុន ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យប្រសើរឡើង ដោយ សំដៅរួមចំណែកផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក