កម្ពុជាអំពាវនាវដល់កូរ៉េខាងត្បូង និងជប៉ុន រក្សាភាពអត់ធ្មត់ក្រោយមីស៊ីលកូរ៉េខាងជើងហោះកាត់លើមេឃខ្លួន
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) អនុវត្តឱ្យបានពេញលេញនូវរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ និងបង្កើតបរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចា ៦ភាគីឡើងវិញ ដែលអាចនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ ដែលពេញលេញ អាចផ្ទៀងផ្ទាត់បាន មិនអាចវិលត្រឡប់ថយក្រោយ និងដោយសន្តិវិធី។
ការអំពាវនាវនេះគឺបន្ទាប់ពីកូរ៉េខាងជើងកាលពីព្រឹកថ្ងៃទី៤ ខែតុលា បានបាញ់មីស៊ីលអន្តរទ្វីបហោះរំលងជប៉ុនភាគខាងជើង បង្កើតជាសញ្ញាអាសន្នរត់ទៅរកកន្លែងសុវត្ថិភាព។ នេះជាសកម្មភាពថ្មីបន្ទាប់ពីផ្អាកការបាញ់កាត់ជប៉ុន ៥ឆ្នាំមកហើយ។
ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការព្រួយបារម្ភ ចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងនេះ ដែលថាជាការរំលោភមួយទៀតលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដែលអាចបង្កអោយមានភាពតានតឹង និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕