ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តព្រះវិហារ បានប្រកាសបិទផ្លូវលេខ៩២ ជាបណ្តោះអាសន្នសិនចាប់ពីរសៀលថ្ងៃទី០៤ ខែតុលា នេះតទៅ។ ការផ្អាកចរាចរណ៍ត្រង់កំណាត់ផ្លូវនោះ ដោយសារតែផ្លូវមួយខ្សែចាប់ពីចំណុចគីឡូម៉ែត្រលេខ១០០ ដល់គីឡូម៉ែត្រលេខ១០១ ក្នុងឃុំមរកត ស្រុកជាំក្សាន្ត រងជំនន់ទឹកភ្លៀងដែលបណ្តាលឲ្យកម្ពស់ទឹកហក់ឡើងខ្លាំង។
ការសម្រេចផ្អាកឲ្យយានយន្តគ្រប់ប្រភេទចរាចរណ៍ គឺដើម្បីធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព និងដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឲ្យមានការបាក់ស្រុត។ កាលណាអនុញ្ញាតឲ្យបើកចរាចរណ៍វិញ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងប្រកាសដំណឹងសារជាថ្មី។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ សង្ឃឹមថា ម្ចាស់រថយន្តគ្រប់ប្រភេទនឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះដើម្បីធានាឲ្យផ្លូវមួយនេះជាប់បានយូរអង្វែង។
តាមរបាយការណ៍របស់ក្រុមការងារគ្រប់គ្រងគ្រោះហន្តរាយខេត្តព្រះវិហារ គ្រោះទឹកជំនន់បានធ្វើឲ្យប៉ះពាល់ផ្ទះសម្បែងពលរដ្ឋចំនួន ១៤០ខ្នង ស្មើនឹង ១៤០គ្រួសារ ក្នុងនោះបានជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពចំនួន ៦៩គ្រួសារ។ ក្រៅពីនោះ បានធ្វើឲ្យលិចស្រូវចំនួនជិត ២ពាន់ហិកតា និងលិចចម្ការដំណាំផ្សេងៗចំនួន ២៦៦ហិកតា រួមទាំងលិច និងខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាក្នុងស្រុកចំនួន ៦ផងដែរ៕