
សប្ដាហ៍ក្រោយនេះគ.ជ.បនឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធសម្រាប់ការពិនិត្យបញ្ជីនិងចុះឈ្មោះបោះឆ្នោត
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធដើម្បីពិនិត្យមើលការងារសន្តិសុខ វិធានការបង្ការពីជំងឺរាតត្បាត ក៏ដូចជាការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នៅសប្ដាហ៍ក្រោយនេះ។
សេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគី ស្ដីពីប្រធានបទការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ក៏ដូចជាវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមការិយាល័យចុះ
ឈ្មោះបោះឆ្នោត និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។
សេចក្ដីជូនដំណឹងដដែល ឱ្យដឹងថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅក្រោមការអញ្ជើញចូលរួមដោយ សមាជិកគ.ជ.បនិងជាប្រធានដឹកនាំកិច្ចប្រជុំ លោក ឌឹម សុវណ្ណារុំ នៅសាលសន្និសីទជាន់ទី១នៃទីស្ដីការគ.ជ.ប។
ក្នុងនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានបញ្ជាក់ដល់ ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក៏ដូចជាបណ្ដាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យធ្វើការចូលរួមផងដែរ៕