
នាយករដ្ឋមន្រ្តីកម្ពុជាបានផ្ដល់នូវគន្លឹះមួយចំនួនសម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ការលើកទឹកចិត្តដល់ចំណុចគន្លឹះមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យកីឡា ក៏ដូចជាត្រៀមខ្លួនឱ្យបានល្អក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ។
ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ការលើកទឹកចិត្តដល់ ចំណុចគន្លឹះមួយចំនួនដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យកីឡា និងការត្រៀមខ្លួនបានល្អ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ឱ្យទទួលបានជោគជ័យខ្ពស់នាខាងមុខនេះ។
គួរឱ្យដឹងថា ជាឱកាសក្នុងការជួបជុំមហាគ្រួសារក្រុមប្រឹក្សាអូឡាំពិកទាំង ៤៥ប្រទេស សម្ដេចបានលើកឡើងនូវ ៤ចំណុចសំខាន់ៗដូចជា ការលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សានិងចែករំលែកនូវ នីតិវិធីល្អៗ ពាក់ព័ន្ធទៅនឹងការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឍ បច្ចេកទេសកីឡា ដើម្បីធ្វើឱ្យវិស័យកីឡាកាន់តែប្រសើរក្នុងតំបន់អាស៊ី។
មួយវិញទៀត ក្រុមប្រឹក្សាអូឡាំពិកអាស៊ីត្រូវបង្កើនការធ្វើសកម្មភាពកីឡាចម្រុះឱ្យបានកាន់តែច្រើននៅតាមបណ្ដាប្រទេស សមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី ក៏ដូចជាបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច។ ជាពិសេស ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍ បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាពប្រកបដោយភាពរីកចម្រើនទៅមុខនៅក្នុងតំបន់ ។
ក្នុងនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការ ទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈ កម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្តុះបណ្តាលនិងការអភិវឌ្ឍ កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួម កាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃអនាគត។
ជាមួយគ្នានោះ សម្ដេចក៏បានអំពាវនាវដល់បណ្ដាប្រទេសសមាជិកនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី ត្រូវផ្ដល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់ផងដែរ។
យ៉ាងណាមិញ ជាកិច្ចបញ្ចប់ សម្ដេចក៏បានគោរពជូនពរដល់មហាសន្និបាតក្រុមប្រឹក្សា អូឡាំពិកអាស៊ីនៅថ្ងៃនេះ ឱ្យទទួលបានលទ្ធផលផ្លែផ្កា និងជោគជ័យ ក៏ដូចជាឱ្យមានផាសុកភាពជាមួយនឹងភាព សប្បាយរីករាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា៕