ភ្នំពេញ៖ អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញលោក កែន ផាន នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានហៅបុរសម្នាក់ដែលបានទម្លាក់សំរាមចូលក្នុងទឹកទន្លេចតុមុខ មកណែនាំ និងអប់រំឲ្យបញ្ឈប់ចោលសំរាមនៅក្នុងទន្លេ និងនៅតាមទីសាធារណៈ។
លោក កែន ផាន បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន EAC News តាមតេឡេក្រាមនៅថ្ងៃទី០៣ ខែតុលាថា បុរសរូបនោះដែលមានទីលំនៅសង្កាត់ភ្នំពេញថ្មីកាលពីថ្ងៃទី៣០ ខែកញ្ញា បានយកស្លាធម៌ដូងមកទម្លាក់ចោលនៅក្នុងទឹកទន្លេចតុមុខក្នុងខណ្ឌដូនពេញ ដោយបុរសរូបនោះមានជំនឿថា ការទម្លាក់ចោលបែបនេះគឺធ្វើឲ្យមានជោគ និងមានជ័យ។ ប៉ុន្តែទង្វើបែបនេះគឺផ្ទុយពីសេចក្តីណែនាំដែលចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន។
បើតាមអនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ត្រីជំនាញបានឲ្យបុរសរូបនោះធ្វើកិច្ចសន្យាបញ្ឈប់ចោលសំរាមនៅក្នុងទឹកទន្លេ។ ប្រសិនមានលើកក្រោយទៀត មន្ត្រីជំនាញនឹងផាកពិន័យលើបុរសរូបនោះទៅតាមច្បាប់ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន។
យោងតាមច្បាប់ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ត្រង់ជំពូកទី៧ មាត្រា៤២ បានចែងថា បុគ្គលដែលបានបោះចោលសំរាម សំណល់រឹងនៅតាមទីប្រជុំជន សាធារណៈ តាមផ្លូវ តាមប្រភពទឹក និងតាមទីវាលដីកម្មសិទ្ធិ នឹងរងការផាកពិន័យចំនួន២ម៉ឺនរៀល។ សម្រាប់អ្នកលក់ដូរតាមផ្លូវ ពិន័យ ៥ម៉ឺនរៀល ចំពោះអ្នកលក់ដូរតាមផ្ទះ ភោជនីយដ្ឋាន ពិនិយចំនួន ១សែន ៥ម៉ឺនរៀល។ ចំពោះអ្នកលក់ដូរតាមផ្សារ ម្ចាស់អាជីវកម្ម សេវាកម្ម និងសិប្បកម្មនានាពិន័យចំនួន ២សែនរៀល។ ចំណែកម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ពិន័យចំនួន ៤សែនរៀល។
ក្រៅពីប្រឈមផាកពិន័យជាទឹកប្រាក់ ពលរដ្ឋដែលប្រព្រឹត្តទាំងអស់ នឹងត្រូវប្រមូលវេចខ្ចប់នៅកន្លែងដែលខ្លួនបោះចោលឲ្យស្អាតផងដែរ។ ក្នុងករណីមិនរាងចាលទៀត នឹងត្រូវទទួលការពិនិ័យអន្តរការណ៍ជាប្រាក់ទ្វេរដងនៃប្រាក់ពិន័យអន្តរការណ៍លើកមុន។
គូសរំលឹកថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ អាជ្ញាធរខេត្តព្រះសីហនុក៏បានពិន័យដល់បុរសម្នាក់ដែលបានចោលសំរាមត្រង់ចំណុចមួយកន្លែងដែលស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុនាយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ចំនួន ១លានរៀល តាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ៕




