ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លៃងថា ទោះបីឪពុកម្តាយចែកទ្រព្យសម្បត្តិឲ្យកូនៗ វាមិនស្ថិតនៅគង់វង្សដូចការផ្តល់ឱកាសឲ្យកូនៗទទួលបានចំណេះដឹងឡើយ។
សម្តេចតេជោ បានថ្លែងដូច្នេះថា៖ «ការរៀនសូត្រដែលទទួលបាន វាគឺទ្រព្យសម្បត្តិ សម្រាប់រយៈពេលវែង មិនប្រាកដថាការចែកលុយ ជាមាសក្តី ជាពេជ្រក្តី គឺមិនគង់វង្សទេ។ ការចែកចំណេះដឹងទើបជាមូលដ្ឋានដូចពាក្យគេថា កណ្តៀរមិនកោរ កណ្តុរក៏មិនកាត់ដែរ ភ្លើងក៏មិនឆេះបានដែរ»។
នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កាលណាមានទ្រព្យសម្បតិ្តហើយ បើមានហានិភ័យណាមួយកើតឡើង ដូចជាភ្លើងឆេះផ្ទះ វានឹងបាត់បង់ទៅអស់ ប៉ុន្តែបើមានចំណេះដឹងក្នុងខួរក្បាល ពោលគឺគ្មានអ្នកណាមកបំផ្លាញបានឡើយ។
សម្តេច ហ៊ុន សែន បានដាស់តឿនដល់ឪពុកម្តាយ និងអាណាព្យាបាលជំរុញឲ្យកូនសិក្សាតាមគ្រប់មធ្យោបាយ ដើម្បីឲ្យកូនមានចំណេះដឹង និងមានអនាគតល្អ មានការងារធ្វើល្អនៅក្នុងសង្គម៕
PHOTO: Yuthkun