(Updated) ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានរំលឹកអំពីការសម្រេចមិនឲ្យមានការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលការណ៍នេះបានធ្វើឱ្យកម្ពុជាអាចយកឈ្នះសមរភូមិកូវីដ-១៩ នាពេលបច្ចុប្បន្ន។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការសម្រេចមិនឱ្យមានការជួបជុំក្នុងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១ គឺត្រឹមត្រូវដោយថា វាបានធ្វើឲ្យកម្ពុជាអាចត្រឡប់មករកភាពប្រក្រតីឡើងវិញ ដែលប្រជាពលរដ្ឋ អាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌបានដោយក្ដីរីករាយក្នុងឆ្នាំនេះ។
សម្ដេចតេជោថា៖ «(បើបើកឲ្យមានភ្ជុំឆ្នាំ២០២១) ព្រោះកូវីដបានបំផ្លាញអាយុជីវិតរួចស្រាប់ហើយ។ អញ្ចឹងឆ្នាំនេះប្រហែលជាឆ្នាំដែលអ្នកទាំងនោះត្រូវមកទទួលបាយបិណ្ឌទៅវិញទេ ដោយសារតែបានចែកឋានទៅហើយ»។
ក្នុងនោះ សម្ដេចបានបញ្ជាក់ថា នៅឆ្នាំនេះកត្តាដែលធ្វើឱ្យមានការបាត់បង់គឺកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយមិនមែនមកពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នោះឡើយ។
តាមរយៈរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ឆ្នាំ២០២២ ដោយគិតចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងសរុបចំនួន ៣៤ករណីដោយសារការបំពាននឹងល្បឿនកំណត់និងបើកបរមិនអធ្យាស្រ័យគ្នា ក្នុងនោះចំនួនអ្នកស្លាប់មានចំនួន ២៧នាក់ ដោយទិន្នន័យនេះកើនឡើងជាងពាក់កណ្ដាលបើប្រៀបធៀបនឹងឆ្នាំ២០២១។
គួរឱ្យដឹងថា ក្នងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងសរុបចំនួន ៣៤ករណី ដោយមានអ្នកស្លាប់និងរងរបួសសរុបចំនួន ៨៤នាក់ ក្នុងនោះអ្នកស្លាប់ចំនួន ២៧នាក់ រងរបួសធ្ងន់សរុប ៣៤នាក់ និងស្រាលចំនួន ២៣នាក់។
យ៉ាងណាមិញកាលពីឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍សរុប ៣៥លើកដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ១៤នាក់ និងរបួសធ្ងន់ស្រាលចំនួន ៦៤នាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាលបានសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ចុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ (ថ្ងៃទី២៥ ខែកញ្ញា) រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីពិនិត្យឃើញថាពលរដ្ឋបានប្រមូលផ្ដុំ និងជួបជុំគ្នានៅតាមបណ្ដាវត្តអារាម ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ មិនអាចធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដែលអាចនឹងធ្វើឱ្យកម្ពុជាប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅទូទាំងប្រទេស។
PHOTO: Yuthkun