ភ្នំពេញ៖ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Datuk Eldeen Husaini Mohd Hashim មានប្រសាសន៍ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលកាន់តំណែងជាប្រមុខថ្នាក់ដឹកនាំរបស់កម្ពុជានៅពេលអនាគត។
កាលពីពេលថ្មីៗនេះ EAC News បានធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយឯកអគ្គរាជទូតម៉ាឡេស៊ី ដើម្បីទទួលបានគំនិតខ្លះៗរបស់គាត់លើប្រធានបទផ្សេងៗទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី។
ក្នុងកិច្ចសម្ភាសន៍ ឯកអគ្គរាជទូតម៉ាឡេស៊ីបានចែករំលែកថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងធ្វើជាអ្នកដឹកនាំល្អនាអនាគត និងមានចរិតប្លែកពីគេ។
លោកមានប្រសាសន៍ថា៖«ជាការប្រសើរណាស់ គាត់ដឹងច្បាស់អំពីស្ថានភាព [នៅក្នុងប្រទេស] ហើយមានភាពស្និទ្ធស្នាលក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ»។
លោកបន្តទៀតថា៖ «គាត់បានដើរទស្សនៈកិច្ចជាសាធារណៈ ហើយសំណេះសំណាលជាមួយប្រជាជនកម្ពុជា និងបរទេសផងដែរ។ ដូច្នេះយើងអាចមើលឃើញភាពជាអ្នកដឹកនាំនៅក្នុងខ្លួនលោក ហើយជាការពិតណាស់ នៅពេលដែលពេលវេលាមកដល់ ខ្ញុំគិតថាគាត់នឹងត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយខ្លួនជាមេដឹកនាំល្អរបស់កម្ពុជា ព្រោះអ្នកអាចមើល ឃើញពីសាវតារដែលលោកមាន និងតំណែងដែលលោកកំពុងបំពេញនាបច្ចុប្បន្ននេះ»។
ឯកអគ្គរាជទូតម៉ាឡេស៊ីដដែលបានបន្ថែមថា៖ «គាត់ធ្វើបានល្អណាស់ គាត់បាននិងកំពុងដើរទស្សនៈកិច្ច និងណែនាំខ្លួនទៅកាន់សាធារណៈជនអំពីទស្សនៈរបស់គាត់។ គាត់មានចរិតលក្ខណៈ និងការគិតជារបស់គាត់ ហើយខ្ញុំប្រាកដថាគាត់នឹងក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់នៅពេលដែលគាត់ទទួលបានតួនាទីនេះ»។
ឯកអគ្គរាជទូត លោក Eldeen Husaini Mohd Hashim ក៏បានបង្ហាញភាពជឿជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងម៉ាឡេស៊ី នឹងបន្តរីកចម្រើន ថែមទាំងកាន់តែរឹងមាំ ក្រោមការដឹកនាំរបស់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៕