សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វត្តទាំង៣៥ ដែលមាននៅតំបន់រមណីយដ្ឋានអង្គរនឹងត្រូវរក្សាទុកនៅដដែល តែស្នើកុំឱ្យសាងសង់ចេតិយបន្ថែម។
ថ្លែងក្នុងជំនួបជាមួយពលរដ្ឋជិត៣ពាន់នាក់ នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រឹកថ្ងៃសៅរ៍ ទី១ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះនឹងមិនអនុញ្ញាតឱ្យសាងសង់វត្ត ឬវិហារសាសនាអ្វីទាំងអស់បន្ថែមដើម្បីថែរក្សាសម្បត្តិវប្បធម៌ និងអភិរក្សាតំបន់អង្គរ។
ក្រៅពីនេះក៏មិនអនុញ្ញាតឱ្យសាងសង់ចេតិយ ឬកប់សពក្នុងទីអារ៉ាមទាំងនោះទៀតទេ លើកលែងតែសាងសង់ចេតិយសម្រាប់ចៅអធិការ និងគ្រូសូត្រនៃវត្តទាំងនោះ។
សម្ដេចតេជោថា៖ «អញ្ចឺងវត្តទាំងអស់នេះសូមបញ្ជាក់ឱ្យច្បាស់គឺមិនត្រូវបានរើរុះតែមានសំណូមពរ ១សុំកុំឱ្យទីអារ៉ាមទាំងនោះកសាងបន្ថែមគឺចិតេយ ឬសាលាសង្ឃ យើងមិនឈានដល់កម្រិតចៅអធិការ គ្រូសូត្រ ឆ្វេងស្ដាំអនិច្ចកម្មទៅសាងសង់ក្នុងហ្នឹងគឺមិនអីទេ។ តែពលរដ្ឋពីចំងាយអត់ឱ្យទេ»។
បច្ចុប្បន្នវត្តទាំង៣៥នៅក្នុងតំបន់អង្គរមានព្រះសង្ឃគង់នៅប្រមាណជា ៦៤៨អង្គ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យក្រសួងធម្មការ និងក្រសួងវប្បធម៌ ឱ្យពិនិត្យឱ្យបានហ្មត់ចត់និងហាមឃាត់ការសាងសង់វត្តបន្ថែមនៅតំបន់អង្គរ៕
PHOTO: Yuthkun