សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយអរគុណដល់ក្រុមប្រឆាំងដែលបានធ្វើឱ្យបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាន់តែរឹងមាំត្រៀមសម្រាប់កាន់កិច្ចការធំ។
ថ្លែងក្នុងជំនួបជាមួយពលរដ្ឋជិត៣ពាន់នាក់ នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រឹកថ្ងៃសៅរ៍ ទី១ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការវាយប្រហារជាច្រើនលើលោក ហ៊ុន ម៉ាណែត បានធ្វើឱ្យលោក ហ៊ុន ម៉ាណែត កាន់តែរឹងមាំ ចេះការពារខ្លួន និងមានរបៀបការពារខ្លួនដោយខ្លួនឯង។ សម្ដេចតេជោ យល់ការការវាយប្រហារលើលោក ហ៊ុន ម៉ាណែត ទាំងប៉ុន្មានមិនត្រឹមតែជួយបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីនេះទេ ថែមទាំងបញ្ហាពីភាពអន់របស់ក្រុមប្រឆាំងផងដែរ។
សម្ដេចតេជោថ្លែងថា៖ «និយាយឱ្យច្បាស់ទៅអ្ហែងខ្លាច! ព្រោះឪវា ហ៊ុន សែន ត្រូវបានប្រជាជនទទួលស្គាល់មិនត្រឹមតែក្នុងប្រទេសទេ ទាំងក្រៅប្រទេស។ ដល់តទៅ ហ៊ុន ម៉ាណែត ប្រជាជនគេស្គាល់ទៀត អញ្ចឹងទេពួកអានេះវាខ្លាចទេ បើអ្នកឯងមិនខ្លាចទេអ្នកឯងគួរតែបណ្ដោយឱ្យ ហ៊ុន ម៉ាណែត ធ្វើទៅ»។
សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យហើយការកាន់អំណាចបានរបស់លោក ហ៊ុន ម៉ាណែត គឺអាស្រ័យលើការគាំទ្រពីប្រជាពលរដ្ឋដែលបោះឆ្នោតឱ្យ។
កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។
លោក ហ៊ុន ម៉ាណែត អាយុ ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕
PHOTO: Yuthkun